មនុស្សជាង២៥០នាក់ស្លាប់នៅប៉ាគីស្ថាន ក្រោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន ចាប់តាំងពីចុងសប្តាហ៍មុន (Video inside)

04-02-2026 14:23

(អ៉ីស្លាម៉ាបាដ)៖ នាថ្ងៃពុធ ទី៤ ខែកុម្ភៈ មន្រ្តីសន្តិសុខនៅប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា មនុស្សសរុបកើនដល់ជាង២៥០នាក់ បានស្លាប់ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បានធ្វើសកម្មភាពវាយប្រហារជាច្រើនកន្លែង នៅពាសពេញខេត្ត Balochistan កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយមកទល់នឹងពេលនេះ ការប្រយុទ្ធគ្នានៅតែកំពុងបន្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រភពខាងលើបាននិយាយថា ជនសកម្មប្រយុទ្ធ១៩៧នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការបង្រ្កាបភេរវកម្ម ដែលកំពុងបន្តប្រព្រឹត្តទៅ ខណៈជនស៉ីវិលយ៉ាងហោច៣៦នាក់ និងសមាជិកកងកម្លាំងសន្តិសុខ២២នាក់ បានបាត់បង់ជីវិត អំឡុងការវាយប្រហារនៅក្នុងខេត្ត Balochistan។ មកទល់ពេលនេះ ការប៉ះទង្គិចគ្នាកំពុងបន្តនៅកន្លែងមួយចំនួន បន្ទាប់ពីពួកជនសកម្មប្រយុទ្ធ បានវាយសម្រុកលើ​ធនាគារ ពន្ធនាគារ ស្ថានីយប៉ូលិស និងបន្ទាយកងទ័ព កាលពីចុងសប្តាហ៍មុន។ ក្រុម Baloch Liberation Army ដែលជា​ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនធ្វើសកម្មភាពញឹកញាប់ជាងគេ នៅខេត្ត Balochistan បានអះអាងថា ការវាយប្រហារថ្មីៗទាំងនេះ គឺជាស្នាដៃរបស់ខ្លួន។

គួរបញ្ជាក់ថា ជាច្រើនទសវត្សរ៍មកហើយ ប៉ាគីស្ថានបានប្រយុទ្ធប្រឆាំងចលនាបះបោរចង់ផ្តាច់ខ្លួន របស់ជនជាតិភាគតិច Baloch នៅក្នុងខេត្ត Balochistan ដែលសម្បូរទៅដោយធនធានរ៉ែ ហើយស្ថិតនៅជាប់ប្រទេសអាហ្វហ្កានីស្ថាននិងអ៉ីរ៉ង់៕