ឃាតកដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ប្តឹងជំទាស់សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត (Video inside)

04-02-2026 14:51

(តូក្យូ)៖ ខ្មាន់កាំភ្លើង ដែលត្រូវបានតុលាការនៅប្រទេសជប៉ុន ផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត ពីបទបាញ់សម្លាប់អតីតនាយករដ្ឋមន្រ្តី លោក Shinzo Abe កាលពីឆ្នាំ២០២២ បានប្តឹងជំទាស់សេចក្តីសម្រេចរបស់តុលាការ។ នេះបើតាមការអះអាងរបស់មេធាវីលោក ប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

បុរសឈ្មោះ Tetsuya Yamagami សព្វថ្ងៃវ័យ៤៥ឆ្នាំ ត្រូវបានតុលាការនៅទីក្រុង Nara រកឃើញជាប់ពិរុទ្ធកាលពី២សប្តាហ៍មុន ហើយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារមួយជីវិត សម្រាប់ការប្រើប្រាស់កាំភ្លើងកែច្នៃ ដើម្បីធ្វើឃាតលោក Abe អំឡុងពេលលោកអតីតនាយករដ្ឋមន្រ្តី ឈរថ្លែងសារឃោសនាបោះឆ្នោត នៅទីសាធារណៈ។

មេធាវីរបស់លោក Yamagami មិនបានប្រាប់ឱ្យច្បាស់ពីចេតនានៃការដាក់បណ្តឹងទាស់នេះឡើយ ដូចជាថាតើដើម្បីប្រឆាំងតតាំង​សាលក្រមដែលសម្រេចថារូបលោកជាប់ពិរុទ្ធ ឬមួយក៏ដើម្បីសម្រាលទោស។ យ៉ាងណាក្តី នាពេលនេះ សំណុំរឿងនឹងត្រូវបញ្ជូនបន្តទៅកាន់​តុលាការជាន់ខ្ពស់ក្នុងទីក្រុង Osaka។

គួរបញ្ជាក់ថា ករណីឃាតកម្មលើលោក Abe បានអង្រួនប្រទេសជប៉ុនទាំងមូល ដែលកម្រជួបអំពើហិង្សាដោយកាំភ្លើង ហើយវាបាន​ដុតបញ្ឆេះការរិះគន់លើ ទំនាក់ទំនងរវាងតំណាងរាស្រ្តអភិរក្សនិយមជប៉ុនល្បីៗ និងក្រុមសាសនាលួចលាក់មួយ ហៅថា Unification Church។ សំណុំរឿងលោក Yamagami ទទួលបានការអាណិតអាសូរពីសាធារណជនជប៉ុនមួយចំនួន ខណៈក្រុមមេធាវីការពារក្តីលោក បានអះអាងថា ការបាញ់ប្រហារ ត្រូវបានជំរុញដោយសារតែ ការបរិច្ចាគប្រាក់ដោយមិនខ្វល់ពីអ្វីទាំងអស់របស់ម្តាយលោក ឱ្យទៅក្រុមសាសនានោះ ដែលបានរុញឱ្យគ្រួសារលោកជួបវិបត្តិក្ស័យធន។ លោក Abe ធ្លាប់បានថ្លែងសុន្ទរកថា នៅព្រឹត្តិការណ៍ ដែលរៀបចំដោយក្រុមសាសនា Unification Church ហើយក្រុមសាសនានេះ ធ្លាប់បានគាំទ្រគណបក្សប្រជាធិបតេយ្យសេរី​របស់លោក ក្នុងការបោះឆ្នោត៕