លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្កាយ
04-02-2026 16:55
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ជាមួយលោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្កាយ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានលើកឡើងថា ទោះបីជាប្រទេសចិន និងអ៊ុយរូហ្កាយមានទីតាំងភូមិសាស្រ្តឃ្លាតពីគ្នាយ៉ាងឆ្ងាយក៏ដោយ ប៉ុន្តែភាគីទាំងពីរមានទស្សនៈស្រដៀងគ្នា និងចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ ប្រទេសចិន និងអ៊ុយរូហ្កាយ គួរពង្រឹងការផ្លាស់ប្តូរ បទពិសោធអភិបាលកិច្ច និងបន្តពង្រឹងការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក។ គួរបង្កើនការតភ្ជាប់គ្នា រវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហិរញ្ញវត្ថុ កសិកម្ម និងគង្វាលជាដើម ព្រមទាំងស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មីដូចជាការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចឌីជីថល និងជំរុញការធ្វើបរិវត្តកម្មនិងការធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច។ គួរបន្តពង្រឹងការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ អប់រំ កីឡា និងប្រព័ន្ធផ្សព្វផ្សាយជាដើម សម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងជំរុញការតភ្ជាប់ដួងចិត្ត រវាងប្រជាជននិងប្រជាជន។
ជាការឆ្លើយតប លោក Orsi បានថ្លែងថា ថ្ងៃនេះជាខួបលើកទី ៣៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងអ៊ុយរូហ្កាយនិងចិន ហើយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ អ៊ុយរូហ្កាយរំពឹងពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យឡើងដល់កម្រិតកាន់តែខ្ពស់។
ភាគីអ៊ុយរូហ្កាយមានឆន្ទៈ ក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីរួមគ្នាគោរពកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ជំរុញទំនាក់ទំនងអាមេរិកឡាទីន-ចិនឱ្យវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងគាំពារផលប្រយោជន៍រួម នៃប្រទេសសកលខាងត្បូង៕
វិទ្យុមិត្តភាពកម្ពុជាចិន







