របបយោធាមីយ៉ាន់ម៉ាគ្រោងបង្កើត «ស្ថាប័នកំពូល» ដើម្បីក្តោបក្តាប់អំណាចទាំងស្រុង
04-02-2026 19:00
(យ៉ាំងហ្គោន)៖ របបយោធាមីយ៉ាន់ម៉ាបានប្រកាសពីផែនការបង្កើតស្ថាប័នថ្មីមួយហៅថា «ក្រុមប្រឹក្សាពិគ្រោះយោបល់សហភាព» ដើម្បីត្រួតពិនិត្យទាំងផ្នែកយោធា និងរដ្ឋបាលស៊ីវិល។ អ្នកជំនាញមើលឃើញថា នេះជាយុទ្ធសាស្ត្រអនុញ្ញាតឱ្យលោក មីន អ៊ុងឡាំង ក្លាយជាប្រធានាធិបតី ដោយនៅតែក្តោបក្តាប់អំណាចយោធាទាំងស្រុង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមប្រឹក្សានេះនឹងមានសមាជិក ៥រូប។ លោក ណៃ មីនខាន់ អ្នកជំនាញនៅវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយ បានវិភាគថា នេះគឺជាការបង្កើត «ស្ថាប័នកំពូល» ដែលមានអំណាចកំពូលនៅពីលើស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ។
ផែនការនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតដែលគណបក្ស USDP របស់យោធាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ លោក មីន អ៊ុងឡាំង វ័យ ៦៩ឆ្នាំ ដែលបានធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២១ ត្រូវបានគេរំពឹងថានឹងកាន់តំណែងជាប្រធានាធិបតីនៅក្នុងរដ្ឋាភិបាលថ្មី។
គួរបញ្ជាក់ថា ចាប់តាំងពីការធ្វើរដ្ឋប្រហារមក មនុស្សជាង ៩៣,០០០នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានៅទូទាំងប្រទេស៕




