ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្ស ៧នាក់នៅតំបន់ Donetsk ដែលគ្រប់គ្រងដោយអ៊ុយក្រែន

04-02-2026 20:57

(កៀវ)៖ អភិបាលតំបន់បានប្រកាសនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់ ៧នាក់ត្រូវបានសម្លាប់ និង ៨នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Druzhkivka ក្នុងតំបន់ដូណែតស្គ៍ (Donetsk) ដែលគ្រប់គ្រងដោយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក វ៉ាឌីម ហ្វីឡាស្គីន (Vadym Filashkin) បានបញ្ជាក់នៅលើបណ្តាញ Telegram ថា រុស្ស៊ីបានបាញ់ផ្លោងទីក្រុងនេះដោយប្រើប្រាស់គ្រាប់បែកចង្កោម ដោយកំណត់គោលដៅលើទីផ្សារមួយកន្លែង និងបានទម្លាក់គ្រាប់បែកពីលើអាកាសចំនួនពីរគ្រាប់បន្ថែមទៀត។

រុស្ស៊ីមិនទាន់មានការឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នេះទេ ខណៈភាគីទាំងពីរតែងតែបដិសេធថាខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលឡើយ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងឆ្នាំ២០២២៕