បុរសម្នាក់ដែលសង្ស័យពួនរង់ចាំធ្វើឃាតលោក ត្រាំ កាលពីឆ្នាំ២០២៤ ត្រូវតុលាការអាមេរិកកាត់ទោសដាក់ពន្ធនាគារមួយជីវិត

05-02-2026 14:21

(វ៉ាស៉ីនតោន)៖ បុរសឈ្មោះ Ryan Routh ដែលរងការចោទប្រកាន់ថាបានប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៤ ត្រូវបានតុលាការនៅសហរដ្ឋអាមេរិក សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត នាថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រុមភ្នាក់ងារ Secret Service បានប្រទះឃើញបុរស Ryan Routh លាក់ពួននៅក្នុងគុម្ពឈើ ចម្ងាយតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលលោក ដូណាល់ ត្រាំ វាយកូនហ្គោលនៅក្លឹបវាយកូនហ្គោលរបស់លោក ក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ បុរសនោះបានរត់គេចខ្លួន ដោយទុកចោលកាំភ្លើងវែងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិមួយដើម ប៉ុន្តែក្រោយមកក៏ត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ កើតឡើងត្រឹម២ខែ បន្ទាប់ពីលោក ត្រាំ បានរងរបួសដោយសារគ្រាប់កាំភ្លើងបាញ់ឆាបស្លឹកត្រចៀក ក្នុងការប៉ុនប៉ងធ្វើឃាត អំឡុងពេលជួបជុំក្រុមអ្នកគាំទ្រនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។ ករណីទាំងពីរនេះ គឺកើតមានបន្តបន្ទាប់គ្នា មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ហើយលោក ត្រាំ បានទទួលជ័យជម្នះលើលោក Joe Biden និងត្រឡប់មកកាន់អំណាចសាជាថ្មី សម្រាប់អាណត្តិទី២៕