លោក ត្រាំ គ្រោងដកភ្នាក់ងារប៉ូលិសអន្តោប្រវេសន៍៧០០នាក់ ចេញពីរដ្ឋ Minnesota ប៉ុន្តែនៅសល់ជាង២០០០នាក់ទៀត
05-02-2026 14:53
(វ៉ាស៉ីនតោន)៖ ប្រធានទទួលបន្ទុកកិច្ចការព្រំដែនរបស់សេតវិមាន លោក Tom Homan បានប្រកាសនៅថ្ងៃពុធ ទី៤ ខែកុម្ភៈថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងកាត់បន្ថយចំនួនភ្នាក់ងារប៉ូលិសអន្តោប្រវេសន៍សហព័ន្ធ នៅរដ្ឋ Minnesota ៧០០នាក់ ប៉ុន្តែប្រហែល២០០០នាក់ទៀត នឹងបន្តមានវត្តមាននៅទីនោះដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ចាប់តាំងពីចូលឆ្នាំ២០២៦នេះ លោក ត្រាំ បានដាក់ពង្រាយប៉ូលិសអន្តោប្រវេសន៍រាប់ពាន់នាក់ ទៅកាន់រដ្ឋ Minnesota ជាពិសេសទីក្រុង Minneapolis ដើម្បីចាប់ខ្លួននិងបណ្តេញជនអន្តោប្រវេសន៍ ជាហេតុបង្កឱ្យផ្ទុះការធ្វើបាតុកម្មតវ៉ា។ លោក Homan បាននិយាយថា ការសម្រេចចិត្តដកភ្នាក់ងារខ្លះចេញនេះ គឺដោយសារមើលឃើញការសហការកើនឡើងពីសំណាក់អាជ្ញាធរនៅរដ្ឋ Minnesota។
លោក Tom Homan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រាប់ឱ្យច្បាស់ថា លោកប្រធានាធិបតី ត្រាំ នៅតែមានបំណងចង់សម្រេចឱ្យបាន នូវការបណ្តេញជនអន្តោប្រវេសន៍ក្នុងទ្រង់ទ្រាយធំ អំឡុងរដ្ឋបាលនេះ ហើយសកម្មភាពអនុវត្តច្បាប់ពាក់ព័ន្ធបញ្ហាអន្តោប្រវេសន៍ នឹងបន្តជារៀងរាល់នៅក្នុងប្រទេសនេះ។ លោកប្រធានាធិបតី ត្រាំ បានធ្វើការសន្យាមួយ ហើយយើងមិនបានដើរផ្ទុយពីពាក្យសន្យានេះទេ»។
គួរបញ្ជាក់ថា លោក ត្រាំ មកពីបក្សសាធារណរដ្ឋ រួមជាមួយក្រុមមន្រ្តីជាន់ខ្ពស់របស់លោក បាននិយាយថា ជនអន្តោប្រវេសន៍ជាច្រើន ចាំបាច់ត្រូវតែបណ្តេញចេញពីសហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ថា ពួកគេបានប្រព្រឹត្តអំពើឆបោកហិរញ្ញវត្ថុ និងឧក្រិដ្ឋកម្មហិង្សាផ្សេងៗ។ រដ្ឋ Minnesota ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានប្តឹងរដ្ឋបាលលោក ត្រាំ ជុំវិញការបង្រ្កាបអន្តោប្រវេសន៍នេះ ដែលបានបង្កឱ្យមានការធ្វើបាតុកម្មជាច្រើនសប្តាហ៍ ហើយឈានដល់មានការបាញ់សម្លាប់ពលរដ្ឋអាមេរិក២នាក់ ដោយប៉ូលិសអន្តោប្រវេសន៍៕







