លោក ត្រាំ បដិសេធជ្រើសរើសរវាងលោក Vance និងលោក Rubio ជុំវិញលទ្ធភាពអ្នកទាំងពីរអាចនឹងឈរឈ្មោះ ជាប្រធានាធិបតីនៅឆ្នាំ២០២៨
05-02-2026 15:18
(វ៉ាស៉ីនតោន)៖ នាថ្ងៃពុធ ទី៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធជ្រើសរើសឈរនៅខាងណាមួយ ខណៈដែលមានការជជែកដេញដោល ជុំវិញប្រធានបទថា តើអនុប្រធានាធិបតីលោក JD Vance ឬរដ្ឋមន្រ្តីការបរទេស លោក Marco Rubio ដែលទំនងនឹងមានលទ្ធភាពខ្ពស់ជាងគេ ក្នុងការក្លាយជាអ្នកបន្តវេនពីរូបលោក ដើម្បីធ្វើជាបេក្ខជនរបស់បក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Vance ដែលជាអតីតសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ មកពីរដ្ឋ Ohio ធ្លាប់បានបង្ហើបថា លោកនឹងជជែកជាមួយ លោក ត្រាំ អំពីលទ្ធភាពឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ទន្ទឹមគ្នា ក៏មានការសង្ស័យក្នុងចំណោមបក្សសាធារណរដ្ឋផងដែរថា លោក Rubio អាចនឹងព្យាយាមប្រកួតប្រជែងជាប្រធានាធិបតី នៅឆ្នាំ២០២៨ដូចគ្នា។ លោក Rubio ជាអតីតសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Florida ដែលធ្លាប់ឈរឈ្មោះប្រជែងជា បេក្ខជនប្រធានាធិបតីតំណាងបក្សសាធារណរដ្ឋ កាលពីឆ្នាំ២០១៦ ហើយបានចាញ់លោក ត្រាំ នាពេលនោះ។
នៅពេលត្រូវបានសាកសួរអំពីលោក Vance និងលោក Rubio អំឡុងកិច្ចសម្ភាសមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក NBC News លោក ត្រាំ បានឆ្លើយតបថា រូបលោកអាចនឹងមានឆន្ទៈ ក្នុងការគាំទ្រអ្នកបន្តវេនម្នាក់នាពេលអនាគត ប៉ុន្តែបានបន្ថែមថា រូបលោកមិនទាន់ចង់ជជែកអំពីរឿងនេះទេ។ ផ្ទុយទៅវិញ លោក ត្រាំ បាននិយាយកោតសរសើរទាំងចំពោះលោក Vance និង លោក Rubio។
គួរបញ្ជាក់ថា ជារឿយៗកន្លងមក លោក ត្រាំ ក៏ធ្លាប់បានលើកឡើងដែរថា លោក Vance និងលោក Rubio គួរតែឈរឈ្មោះរួមគ្នា ជាប្រធានាធិបតីនិងអនុប្រធានាធិបតី ប៉ុន្តែមិនបាននិយាយឱ្យច្បាស់ថា ម្នាក់ណាគួរធ្វើជាប្រធានាធិបតី និងម្នាក់ណាជាអនុប្រធានាធិបតី នោះទេ៕




