រុស្ស៉ីប្រកាសថា នឹងបន្តផ្គត់ផ្គង់ប្រេងដល់គុយបា ដែលរងសម្ពាធពីអាមេរិក
05-02-2026 15:44
(មូស្គូ)៖ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី RIA ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសគុយបា លោក Viktor Coronelli បាននិយាយថា រុស្ស៉ីបានផ្គត់ផ្គង់ប្រេងជាប់ជាប្រចាំដល់គុយបា អំឡុងពេលប៉ុន្មានឆ្នាំមកនេះ ហើយនឹងនៅតែបន្តធ្វើបែបនោះទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក Coronelli បានលើកឡើងថា ការផ្គត់ផ្គង់ប្រេងឱ្យគុយបានឹងនៅតែបន្តគ្មានការប្រែប្រួល។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមការចរចាជាមួយថ្នាក់ដឹកនាំនៅគុយបា បន្ទាប់ពីលោកបានប្រកាសថា គុយបាគឺជាការគំរាមកំហែងមិនធម្មតាចំពោះសន្តិសុខជាតិអាមេរិក ហើយបានគំរាមដំឡើងពន្ធបន្ថែមលើប្រទេសទាំងឡាយ ដែលបញ្ជូនប្រេងឱ្យប្រទេសដែនកោះនៃតំបន់សមុទ្រ Caribbean មួយនេះ។ ដោយឡែក កាលពីថ្ងៃចន្ទ រដ្ឋាភិបាលគុយបា បាននិយាយថា មានការទាក់ទងគ្នាមួយចំនួនជាមួយអាមេរិក ប៉ុន្តែមិនទាន់មានកិច្ចចរចានៅឡើយទេ។
គួរបញ្ជាក់ថា អាមេរិកបានធ្វើសកម្មភាព ដើម្បីរារាំងលែងឱ្យមានប្រេងចូលទៅកាន់គុយបា ក្នុងនោះរួមទាំងប្រេងពីវ៉េណេស៊ុយអេឡា ខណៈប្រការនេះជំរុញឱ្យ តម្លៃទំនិញនិងសេវាកម្មកាន់តែឡើងថ្លៃ ហើយបង្កឱ្យបញ្ហាខ្វះខាតឥន្ធនៈកាន់តែធ្ងន់ធ្ងរ និងការដាច់ចរន្តអគ្គិសនីកាន់តែយូរម៉ោង សូម្បីតែនៅរដ្ឋធានីឡាហាវ៉ាន់៕







