តម្លៃប្រេងធ្លាក់ចុះ ២ភាគរយវិញនាថ្ងៃព្រហស្បតិ៍នេះ ក្រោយអាមេរិក-អ៉ីរ៉ង់ព្រមបន្តការចរចា
05-02-2026 16:13
(Reuters)៖ តម្លៃប្រេង នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ បានធ្លាក់ចុះប្រហែល ២ភាគរយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់យល់ព្រមបន្តការចរចា នៅក្នុងប្រទេសអូម៉ង់ ដែលជាការបន្ធូរបន្ថយក្តីបារម្ភអំពីជម្លោះយោធា ហើយរំខានដល់ការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងការជួញដូរពេលព្រឹក តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១.៤៤ដុល្លារ ឬ ២.០៧ភាគរយ មកនៅត្រឹម ៦៨.០២ដុល្លារក្នុងមួយបារ៉ែល។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ ១.៣៤សេន ឬ ២.០៦ភាគរយ មកនៅត្រឹម ៦៣.៨០ដុល្លារក្នុងមួយបារ៉ែល។
លោក Mukesh Sahdev នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាផ្នែកថាមពល XAnalysts បាននិយាយថា តម្លៃប្រេងធ្លាក់ចុះ ដោយសារតែមានការថមថយហានិភ័យភូមិសាស្ត្រនយោបាយ។ ទោះជាយ៉ាងណា ការពិភាក្សានោះទំនងជានៅតែប្រឈមភាពខុសគ្នា ហើយហានិភ័យនឹងកើនឡើងម្តងទៀត ក្នុងពេលឆាប់ៗ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ តម្លៃប្រេងបានហក់ឡើងដល់ទៅ ៣ភាគរយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កិច្ចពិភាក្សាដែលបានគ្រោងទុករវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅថ្ងៃសុក្រ អាចដួលរលំ។ ប៉ុន្តែក្រោយមក មន្ត្រីនៃភាគីទាំងពីរនិយាយថា ការពិភាក្សានឹងបន្ត បើទោះបីជាប្រធានបទសម្រាប់ពិភាក្សា មិនត្រូវបានដោះស្រាយក៏ដោយ៕






