ឥណ្ឌូណេស៉ី រំពឹងថានឹងទទួលបានប្រព័ន្ធអនុគ្រោះ ក្រោមកិច្ចព្រមព្រៀងពន្ធថ្មីជាមួយសហរដ្ឋអាមេរិក

05-02-2026 16:39

(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៉ី រំពឹងថានឹងអាចទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ចូលទៅកាន់ទីផ្សារអាមេរិក ក្រោមអត្រាពន្ធបដិការ ១៩ភាគរយដែលបានស្នើឡើង បន្ទាប់ពីបញ្ចប់កិច្ចចរចាពាណិជ្ជកម្មជុំចុងក្រោយ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦។

បេសកជនប្រធានាធិបតីឥណ្ឌូណេស៉ី ទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី លោកស្រី Mari Pangestu ប្រាប់ CNA ថា «បញ្ហាមួយចំនួនដែលយើង ត្រូវតែព្យាយាមដោះស្រាយក្នុងកិច្ចចរចា នោះគឺប្រាកដថាវាមានតុល្យភាព។ វាមិនមែនគ្រាន់តែយើងផ្តល់សិទ្ធិចូលទីផ្សារ និងយល់ព្រមទិញទំនិញអាមេរិក ដើម្បីដោះស្រាយបញ្ហាឱនភាពប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងទទួលបានទីផ្សារអាមេរិក សម្រាប់ផលិតផលដែលមានសារៈសំខាន់ចំពោះយើងផងដែរ»

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូណេស៉ី លោក Airlangga Hartarto បានឱ្យដឹងថា កិច្ចចរចាលើកិច្ចព្រមព្រៀងពន្ធគយ ជាមួយសហរដ្ឋអាមេរិកឈានដល់ជុំចុងក្រោយហើយ ដោយរង់ចាំតែការចុះហត្ថលេខា ពីប្រធានាធិបតីទាំងពីរប៉ុណ្ណោះ។ ឥណ្ឌូណេស៉ី គឺជាប្រទេសដំបូងគេ ដែលទទួលបានកិច្ចព្រមព្រៀងពន្ធក្របខ័ណ្ឌ ជាមួយទីក្រុងវ៉ាស៉ីនតោន ដែលនឹងនាំទៅដល់ការបញ្ចុះអត្រាពន្ធ លើការនាំចេញរបស់ឥណ្ឌូនេស៉ី ពី ៣២ភាគរយមកត្រឹម ១៩ភាគរយ៕