កូរ៉េខាងត្បូង ជំរុញកិច្ចសហការជាមួយចិន ដើម្បីធ្វើពិពិធកម្មប្រភពរ៉ែសំខាន់ៗ
05-02-2026 16:55
(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង កំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយចិន លើវិស័យរ៉ែសំខាន់ៗ ដោយបើតាមក្រសួងពាណិជ្ជកម្ម ទីក្រុងសេអ៊ូលបានដាក់ចេញផែនការ ដើម្បីធានាឱ្យបាននូវស្ថេរភាពនៃការផ្គត់ផ្គង់រ៉ែកម្រ ដែលជាតម្រូវការសម្រាប់បច្ចេកវិទ្យាទំនើបៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦។
ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានឱ្យដឹងថានឹងមានការបង្កើតសេវាទូរស័ព្ទទាន់ហេតុការណ៍ និងគណៈកម្មាធិការរួមមួយ ជាមួយអាជ្ញាធរចិន ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េខាងត្បូង ឱ្យនាំចូលរ៉ែរបស់ចិនកាន់តែលឿន និងអាចទុកចិត្តបាន។ អាជ្ញាធរនឹងកំណត់សារធាតុរ៉ែសំខាន់ ចំនួន ១៧មុខដែលត្រូវការសម្រាប់សន្តិសុខជាតិ ហើយរឹតបន្តឹងលើការត្រួតពិនិត្យ និងការវិភាគលើការផ្គត់ផ្គង់ ដើម្បីការពារបញ្ហាខ្វះខាតដែលមិននឹកស្មានដល់។
តាមក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង ដើម្បីធ្វើពិពិធកម្មប្រភពរ៉ែសំខាន់ៗ ទីក្រុងសេអ៊ូលក៏នឹងសហការជាមួយប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក វៀតណាម និងឡាវ។ រដ្ឋាភិបាលគ្រោងបែងចែកថវិការដ្ឋ ១៧២.៣៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ដែលកំពុងអភិវឌ្ឍរ៉ែនៅបរទេស។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង ដែលជាទីនាំមុខគេនៃផលិតផល semiconductor អាគុយរថយន្តអគ្គិសនី និងក្រុមហ៊ុនគីមីឥន្ធនៈ ប៉ុន្តែមានកង្វះខាតខ្សែចង្វាក់ផ្គត់ផ្គង់ពេញលេញ សម្រាប់រ៉ែកម្រ៕






