យោធាប៉ាគីស្ថានបញ្ចប់ប្រតិបត្តិការប្រឆាំងនឹងក្រុមបំបែកខ្លួននៅភាគនិរតីប្រទេស ដោយសម្លាប់សកម្មប្រយុទ្ធ ២១៦នាក់ (Video inside)
05-02-2026 18:55
(អ៊ីស្លាម៉ាបាដ)៖ យោធាប៉ាគីស្ថានបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបញ្ចប់ប្រតិបត្តិការសន្តិសុខរយៈពេលមួយសប្តាហ៍ប្រឆាំងនឹងក្រុមបំបែកខ្លួននៅក្នុងខេត្តបាឡូជីស្ថាន (Balochistan) ភាគនិរតីប្រទេស ដោយបានសម្លាប់សកម្មប្រយុទ្ធចំនួន ២១៦នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃសៅរ៍ កងទ័ពរំដោះបាឡូជី (BLA) បានបើកការវាយប្រហារដ៏ធំបំផុតមួយដោយសម្រុកចូលសាលារៀន ធនាគារ និងទីតាំងសន្តិសុខ ដែលបណ្តាលឱ្យកងកម្លាំងសន្តិសុខ ២២នាក់ និងជនស៊ីវិល ៣៦នាក់បាត់បង់ជីវិត។
យោធាបានបញ្ជាក់ថា ប្រតិបត្តិការឈ្មោះ «Radd Al-Fitna 1» ត្រូវបានអនុវត្តដោយផ្អែកលើព័ត៌មានចារកម្ម។ ក្រុមបះបោរបានគ្រប់គ្រងទីក្រុង Nushki អស់រយៈពេលបីថ្ងៃ មុនពេលកងទ័ពប្រើប្រាស់ឧទ្ធម្ភាគចក្រ និងដ្រូនដើម្បីបណ្តេញពួកគេចេញ។
គួរបញ្ជាក់ថា បាឡូជីស្ថានគឺជាខេត្តក្រីក្របំផុតតែសម្បូរធនធានរ៉ែ និងជាទីតាំងនៃគម្រោងវិនិយោគរបស់ចិន ដូចជាកំពង់ផែទឹកជ្រៅក្វាដា (Gwadar) ជាដើម។ តំបន់នេះបានប្រឈមមុខនឹងការបះបោរជាច្រើនទសវត្សរ៍ពីក្រុមបំបែកខ្លួនដែលទាមទារស្វ័យភាព និងចំណែកធនធានបន្ថែម៕





