លោក Erdogan ថា តួកគីកំពុងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីទប់ស្កាត់សង្គ្រាមថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ (Video inside)

05-02-2026 19:46

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសថា តួកគីកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារកុំឱ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រាលដាលក្លាយជាជម្លោះថ្មីមួយទៀតនៅតំបន់មជ្ឈិមបូព៌ា ខណៈដែលភាគីទាំងពីរកំពុងខ្វែងគំនិតគ្នាលើបញ្ហាអាវុធមីស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងពេលធ្វើដំណើរត្រឡប់មកពីបំពេញទស្សនកិច្ចនៅអេហ្ស៊ីប លោក Erdogan បានលើកឡើងថា ការចរចានុយក្លេអ៊ែរកម្រិតទាបនឹងធ្វើឡើងនៅប្រទេសអូម៉ង់នៅថ្ងៃសុក្រនេះ ប៉ុន្តែលោកយល់ថា កិច្ចពិភាក្សានៅកម្រិតថ្នាក់ដឹកនាំកំពូលរវាងអាមេរិក និងអ៊ីរ៉ង់ នឹងមានប្រយោជន៍ជាងសម្រាប់ជំហានបន្ទាប់។ តួកគីដែលបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងពង្រីកឥទ្ធិពលការទូតក្នុងតំបន់ កំពុងដើរតួនាទីយ៉ាងសកម្មដើម្បីបញ្ចៀសស្ថានការណ៍នេះ។

បញ្ហាប្រឈមចម្បងគឺទីក្រុងវ៉ាស៊ីនតោនទាមទារឱ្យបញ្ចូលបញ្ហាឃ្លាំងអាវុធមីស៊ីលរបស់អ៊ីរ៉ង់ទៅក្នុងកិច្ចចរចា ខណៈទីក្រុងតេហេរ៉ង់ប្តេជ្ញាពិភាក្សាតែលើកម្មវិធីនុយក្លេអ៊ែរប៉ុណ្ណោះ។ ភាពមិនចុះសម្រុងនេះបាននាំឱ្យមានការគំរាមកំហែងវាយប្រហារតាមផ្លូវអាកាសទៅវិញទៅមក និងការផ្លាស់ប្តូរទីតាំងកិច្ចប្រជុំពីទីក្រុងអ៊ីស្តង់ប៊ុល ទៅកាន់ទីក្រុងម៉ាស្កាតវិញ។

គួរបញ្ជាក់ថា​ ទោះបីជាមន្ត្រីទាំងពីរភាគីបានយល់ព្រមផ្លាស់ប្តូរទីតាំងប្រជុំក៏ដោយ ក៏មិនទាន់មានសញ្ញាណាមួយបង្ហាញថា ពួកគេបានរកឃើញចំណុចរួមលើរបៀបវារៈនៃកិច្ចប្រជុំនោះទេ ខណៈដែលអាមេរិកកំពុងបន្តបង្កើនកងកម្លាំងយោធានៅក្នុងតំបន់៕