វិមានក្រឹមឡាំង បដិសេធការចោទប្រកាន់ថាឧក្រិដ្ឋជនផ្លូវភេទ Epstein ជាភ្នាក់ងារចារកម្មរុស្ស៊ី (Video inside)

05-02-2026 21:09

(មូស្គូ)៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមិនចង់ចំណាយពេលឥតប្រយោជន៍ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋានពីប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច និងនាយករដ្ឋមន្ត្រីប៉ូឡូញ ដែលថាឧក្រិដ្ឋជនផ្លូវភេទ Jeffrey Epstein អាចជាភ្នាក់ងារចារកម្មរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូសក៍ (Donald Tusk) កាលពីថ្ងៃអង្គារ បានប្រកាសថានឹងបើកការស៊ើបអង្កេតលើទំនាក់ទំនងដែលអាចកើតមានរវាង Epstein និងសេវាចារកម្មរុស្ស៊ី ទោះបីជាលោកមិនបានបង្ហាញភស្តុតាងណាមួយក៏ដោយ។

នៅពេលសួរអំពីរឿងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា «ខ្ញុំចង់និយាយលេងសើចចំពោះរឿងបែបនេះ ប៉ុន្តែកុំឱ្យខាតពេលរបស់យើងអី»។ មន្ត្រីរុស្ស៊ីចាត់ទុកថា ការចោទប្រកាន់នេះគ្រាន់តែជាការបង្វែរអារម្មណ៍ពីរឿងអាស្រូវដែលលាតត្រដាងពីភាពលាក់ពុតរបស់អ្នកមានអំណាចនៅអាមេរិក និងអឺរ៉ុបប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងឯកសារ Epstein ដែលបញ្ចេញដោយក្រសួងយុត្តិធម៌អាមេរិក ពាក្យ «រុស្ស៊ី» ត្រូវបានលើកឡើងរាប់ពាន់ដង ហើយស្ត្រីវ័យក្មេងមួយចំនួនដែលទាក់ទងនឹង Epstein គឺជាជនជាតិរុស្ស៊ី រួមទាំងស្ត្រីម្នាក់ដែលលោកព្យាយាមណែនាំឱ្យស្គាល់ព្រះអង្គម្ចាស់ Andrew នៃចក្រភពអង់គ្លេសផងដែរ៕