នាយករដ្ឋមន្ត្រីអង់គ្លេស សូមទោសជនរងគ្រោះ ជុំវិញការតែងតាំងឯកអគ្គរាជទូតមានទំនាក់ទំនងជាមួយពិរុទ្ធជនល្មោភកាម Epstein (Video inside)

06-02-2026 10:05

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសូមទោសដល់ជនរងគ្រោះនៃទង្វើរបស់ Jeffrey Epstein សម្រាប់ការតែងតាំងលោក Peter Mandelson ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក ទោះបីជាបានដឹងពីទំនាក់ទំនងជិតស្និទ្ធរបស់លោក Mandelson ជាមួយពិរុទ្ធជនល្មោភកាមនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Starmer កំពុងរងសម្ពាធកាន់តែខ្លាំងក្នុងនោះរួមមានទាំងពីសមាជិកតំណាងរាស្ត្រក្នុងគណបក្សពលកររបស់លោកផ្ទាល់ ជុំវិញការសម្រេចចិត្តតែងតាំងលោក Mandelson ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោនកាលពីខែធ្នូ ឆ្នាំ២០២៤ បើទោះជានៅពេលនោះទំនាក់ទំនងរវាងលោក Mandelson និងពិរុទ្ធជនល្មោភកាម Jeffrey Epstein ត្រូវបានគេ ទម្លាយឱ្យដឹងរួចហើយក៏ដោយ។ ថ្លែងនៅក្នុងសុន្ទករថាមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ លោក Starmer បានលើកឡើងដូច្នេះថា «វាត្រូវបានដឹងជាសាធារណៈរួចទៅហើយថា Mandelson ស្គាល់ Epstein ក៏ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងបានដឹងថាទំនាក់ទំនងនោះមានភាពស៊ីជម្រៅ និងខ្មៅងងឹតនោះទេ។ ខ្ញុំពិតជាសូមទោស ហើយខ្ញុំចង់ផ្ញើការសូមទោស នេះទៅកាន់ជនរងគ្រោះ»។

គួរបញ្ជាក់ថា លោក Starmer បានបណ្ដេញលោក Mandelson ចេញពីតំណែងកាលពីខែកញ្ញា ឆ្នាំមុន ប៉ុន្តែក្រុមអ្នកប្រឆាំងនឹងរូបលោក និងអ្នកមួយចំនួនក្នុងគណបក្សរបស់លោក និយាយថា ការបញ្ចេញឯកសាររឿងអាស្រូវផ្លូវភេទ Epstein កាលពីពេលថ្មីៗនេះដោយក្រសួងយុត្តិធម៌អាមេរិក បានបង្កឱ្យមានការចោទសួរពីការវិនិច្ឆយ និងការសម្រេចចិត្តរបស់លោក Starmer ដែល កំពុងធ្លាក់ចុះប្រជាប្រិយភាពស្រាប់ក្នុងការស្ទង់មតិ។

លោក Jeffrey Epstein គឺជាមហាសេដ្ឋី​អាមេរិក​​​ម្នាក់ជាប់ពិរុទ្ធពីបទរំលោភ​បំពាន​ផ្លូវភេទ​លើស្ត្រី​។ ស្ត្រីជាជនរងគ្រោះជាច្រើននាក់មានខ្លះអាយុ១៤ឆ្នាំ បានដាក់ពាក្យប្ដឹងប្រឆាំងលោក Epstein ថាបានរំលោភបំពានផ្លូវភេទ និងកេងប្រវ័ញ្ចផ្លូវភេទ ហើយថាលោកជាមនុស្សល្មោភកាមបំផុត។ លោក Epstein ត្រូវបានគេប្រទះឃើញស្លាប់ដោយចងក នៅក្នុងបន្ទប់ឃុំឃាំងកាលពីឆ្នាំ២០១៩។ ប្រភពពី​មន្ទីរឃុំឃាំងបានបញ្ជាក់ថាគឺការស្លាប់នេះទំនងជាការធ្វើអត្តឃាត។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក៏មានការសង្ស័យដែរថាលោកអាចត្រូវបានគេសម្លាប់បំបិទមាត់ ដោយសារតែមានជាប់ពាក់ព័ន្ធនឹងមនុស្សមានអំណាចធំៗ។

កាលនៅរស់ លោក Epstein ជាមនុស្សចូលចិត្តរាប់អានមនុស្សល្បីៗ រួមទាំងអ្នកមានអំណាច និងអ្នកនយោបាយធំៗនៅសហរដ្ឋអាមេរិក ក្នុងនោះរួមមានលោក ត្រាំ និងលោក ប៊ីល គ្លីនតុន ជាដើម៕