យោធាអាមេរិក សម្លាប់មនុស្ស២នាក់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន នៅតំបន់ប៉ាស៊ីហ្វិកខាងកើត (Video inside)
06-02-2026 10:37
(Reuters)៖ យោធាអាមេរិកបានអះអាងថាខ្លួនបានសម្លាប់មនុស្ស ២នាក់ នៅក្នុងការវាយប្រហារមួយលើទូកសង្ស័យដឹកគ្រឿងញៀនមួយគ្រឿង នៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ យោធាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «ព័ត៌មានស៊ើបការណ៍សម្ងាត់បានបញ្ជាក់ថាទូកមួយគ្រឿងបាន និងកំពុងធ្វើដំណើរឆ្លងកាត់ច្រកផ្លូវរត់ពន្ធគ្រឿងញៀន ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ហើយបានចូលរួមក្នុងប្រតិបត្តិការរត់ពន្ធគ្រឿងញៀន»។ យោធាអាមេរិកបន្ថែមថាមិនមានយោធាអាមេរិករងរបួស ក្នុងការប្រតិបត្តិការខាងលើនោះទេ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់យោធាអាមេរិកដែលបានផ្ដាច់ជីវិតមនុស្ស២នាក់កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក កើនដល់១២៨នាក់៕




