នាយករដ្ឋមន្រ្តីប៉ូឡូញ អះអាងថាកំពុងរៀបចំជំនួយយោធា ៥៦លានដុល្លារ សម្រាប់អ៊ុយក្រែន (Video inside)
06-02-2026 11:05
(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តី លោក Donald Tusk បានឱ្យដឹងថា ប៉ូឡូញកំពុងរៀបចំកញ្ចប់ជំនួយគិតជាទឹកប្រាក់ ៥៥.៩១លានដុល្លារទៅឱ្យអ៊ុយក្រែន ដែលផ្តោតលើសម្ភារសម្រាប់រថពាសដែក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦។
លោក Tusk និយាយថា ប៉ូឡូញអាចផ្តល់យន្តហោះចម្បាំង MiG-29 ដល់អ៊ុយក្រែននៅពេលណាក៏បាន ប៉ុន្តែលោក ហ្សេលេនស្គី បានប្រាប់រូបលោកថា ទីក្រុងកៀវប្រហែលជាត្រូវការឧបករណ៍ការពារដែនអាកាសជាង ហើយលោកនឹងពិភាក្សារឿងនេះជាមួយមន្ត្រីប៉ូឡូញ រួចឆ្លើយតបទៅប្រធានាធិបតីអ៊ុយក្រែនវិញ នាថ្ងៃចន្ទសប្តាហ៍ក្រោយ។ ការប្រកាសផ្តល់ជំនួយនេះ កើតមានឡើងអំឡុងពេលនៃជំនួបរវាងលោក Tusk និងលោក ហ្សេលេនស្គី ក្នុងទីក្រុងកៀវ ជាទីដែលមេដឹកនាំទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារផ្លូវការមួយ ដែលគ្របដណ្តប់លើការផលិតអាវុធរួមគ្នា រវាងប្រទេសប៉ូឡូញ និងអ៊ុយក្រែន។
គួរបញ្ជាក់ថា ប៉ូឡូញ ត្រូវបានគេមើលឃើញថា គឺជាអ្នកគាំទ្រខាងយោធា និងនយោបាយដ៏សំខាន់របស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពាន ដោយបានផ្តល់នូវអាវុធ ការបណ្តុះបណ្តាល ជំនួយផ្នែកភស្តុភារ និងជួយតស៊ូមតិរកការគាំទ្រពីលោកខាងលិច៕





