អេមីរ៉ាត់អារ៉ាប់រួម មានគម្រោងសាងសង់បណ្តុំលំនៅឋានឱ្យប្រជាជនប៉ាឡេស្ទីន នៅលើទីតាំងដែលគ្រប់គ្រងដោយយោធាអ៉ីស្រាអែល ក្នុងតំបន់ហ្កាហ្សា (Video inside)
06-02-2026 11:50
(ហ៊្សេរុយសាឡិម)៖ អេមីរ៉ាត់អារ៉ាប់រួម បានបញ្ចេញផែនការសាងសង់គម្រោងបណ្តុំលំនៅឋាន សម្រាប់ប្រជាជនភៀសខ្លួនប៉ាឡេស្ទីនរាប់ពាន់នាក់ នៅលើផ្នែកនៃភាគខាងត្បូងតំបន់ហ្កាហ្សា ដែលយោធាអ៉ីស្រាអែលកំពុងគ្រប់គ្រង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦។
តាមផែនទីនៃគម្រោងដែល Reuters ទទួលបាន បណ្តុំលំនៅឋានបណ្ដោះអាសន្នផ្តល់ដោយអេមីរ៉ាតអារ៉ាប់រួម នឹងត្រូវសង់ឡើងក្បែរទីក្រុង Rafah ដែលធ្លាប់មានមនុស្សរស់នៅប្រហែល ៥០ម៉ឺននាក់ ហើយឥឡូវនេះ ស្ទើរតែត្រូវបានបំផ្លាញដោយកងកម្លាំងអ៉ីស្រាអែល និងបាត់បង់ប្រជាជនទាំងស្រុង។
Rafah ស្ថិតនៅជិតព្រំដែនអេហ្ស៉ីប និងជាកន្លែងដែលផែនការកសាងហ្កាហ្សាឡើងវិញរបស់លោក ត្រាំ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពីទីនោះ។ ប្រទេសផ្តល់ជំនួយមានភាពស្ទាក់ស្ទើរ ក្នុងការផ្តល់មូលនិធិដល់គម្រោងនេះ ដោយបារម្ភពីភាពមិនចុះសម្រុងគ្នា លើការដកហូតអាវុធពីពួកសកម្មប្រយុទ្ធហាម៉ាស ដែលអាចនាំឱ្យមានជម្លោះទ្រង់ទ្រាយធំវិញ។
មន្ទិលសង្ស័យអំពីលទ្ធភាពខាងនយោបាយ ពាក់ព័ន្ធនឹងគម្រោងរបស់អេមីរ៉ាត់អារ៉ាប់រួម ក៏កំពុងលេចឡើងផងដែរ ដោយសារតែប្រជាជនប៉ាឡេស្ទីនភាគច្រើន បដិសេធស្នាក់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអ៉ីស្រាអែល ខណៈជនស៉ីវិលភាគច្រើន រស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្កាហ្សា។ នេះបើយោងតាមការលើកឡើងរបស់អ្នកការទូត៕






