រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ស្នើឱ្យមានការគោរពគ្នាទៅវិញទៅមក មុនកិច្ចពិភាក្សាជាមួយអាមេរិក (Video inside)
06-02-2026 13:11
(តេហេរ៉ង់)៖ នាថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៉ីរ៉ង់ បានអំពាវនាវឱ្យមានការគោរពគ្នាទៅវិញទៅមក មុនកិច្ចពិភាក្សាដែលត្រូវធ្វើឡើងជាមួយសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ក៏ដូចជាបញ្ហាផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រមុខការទូតអ៉ីរ៉ង់ លោក Abbas Araghchi បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «អ៉ីរ៉ង់ទទួលយកផ្លូវការទូត ដោយភ្នែកបើក និងការចងចាំមិនភ្លេច អំពីរយៈពេល ១ឆ្នាំកន្លងមកនេះ។ យើងចូលតុចរចាដោយសុឆន្ទៈ ហើយប្រកាន់ជំហរយ៉ាងរឹងមាំ ដើម្បីការពារសិទ្ធិរបស់យើង។ ការប្តេជ្ញាត្រូវតែមានការគោរព។ សមភាព ការផ្តល់តម្លៃឱ្យគ្នា និងការគោរពផលប្រយោជន៍ទៅវិញទៅមក គឺជាកត្តាដ៏ចាំបាច់ និងជាសសរគ្រឹះនៃកិច្ចព្រមព្រៀងដែលឋិតថេររឹងមាំ»។
គួរបញ្ជាក់ថា កិច្ចពិភាក្សាអ៉ីរ៉ង់-អាមេរិក នឹងត្រូវរៀបចំឡើងនៅប្រទេសអូម៉ង់ នាថ្ងៃសុក្រនេះ ចំពោះមុខការកើនឡើងភាពតានតឹង ខណៈសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធា នៅក្នុងតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបាននិយាយថា ការទូតគឺជាជម្រើសទី១ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីដោះស្រាយជាមួយអ៉ីរ៉ង់ ហើយលោក នឹងរង់ចាំមើលថា តើកិច្ចព្រមព្រៀងមួយអាចត្រូវបានឈានដល់ ឬក៏យ៉ាងណា ប៉ុន្តែក៏បានព្រមានដែរថា រូបលោកមានជម្រើសយោធានៅក្នុងដៃ។ កាលពីខែមករា ឆ្នាំមុន អាមេរិកធ្លាប់បានចូលរួមជាមួយអ៉ីស្រាអែល ក្នុងសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ ប្រឆាំងនឹងអ៉ីរ៉ង់៕







