កាសែតអាមេរិក Washington Post ជម្រុះបុគ្គលិកជាង៣០ភាគរយ ដោយសារតែការផ្សាយធ្លាក់ចុះ (Video inside)
06-02-2026 13:48
(វ៉ាស៉ីនតោន)៖ កាសែតអាមេរិក Washington Post បានប្រកាសពីការបញ្ឈប់បុគ្គលិកប្រហែលជាង ៣០ភាគរយ នៃស្ថាប័នរបស់ខ្លួន ដែលនឹងប៉ះពាល់ដល់បុគ្គលិកគ្រប់ផ្នែក ជាពិសេសផ្នែកព័ត៌មានកីឡា ព្រមទាំងព័ត៌មានក្នុងស្រុក និងបរទេស។ នេះបើយោងតាមការចេញផ្សាយដោយនាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦។
និពន្ធនាយករបស់ Washington Post លោក Matt Murray បាននិយាយថា ការកាត់បន្ថយការងារនឹងនាំមកនូវស្ថិរភាព ប៉ុន្តែត្រូវរងការរិះគន់ខ្លាំងពីសំណាក់បុគ្គលិក និងអតីតថ្នាក់ដឹកនាំមួយចំនួននៃកាសែតនេះ។ លោក Murray ពន្យល់ថា ចរាចរណ៍នៃអ្នកចូលទស្សនាការផ្សាយតាមអនឡាញ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ចំពោះមុខភាពរីកចម្រើនខ្លាំង ផ្នែកបញ្ញាសិប្បនិម្មិត (AI) ហើយកាសែត Washington Post ហាក់ដើរមិនទាន់ការប្រែប្រួលនៃយុគសម័យឌីជីថល។
អ្នកកាសែតដែលត្រូវបានបញ្ឈប់ពីការងារ បានប្រើប្រាស់បណ្តាញសង្គមដើម្បីបង្ហាញអារម្មណ៍ ដោយមនុស្សជាច្រើន បានសម្តែងការខឹងសម្បារ ចំពោះការសម្រេចចិត្តកាត់បន្ថយការផ្សាយព័ត៌មានបរទេស។ សមាគមសារព័ត៌មាន Washington Post Guild បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាត់បន្ថយបុគ្គលិក អាចគ្រាន់តែធ្វើឱ្យកាសែតចុះខ្សោយ បណ្តេញអ្នកអាន និងធ្វើឱ្យខូចបេសកកម្មរបស់កាសែតប៉ុណ្ណោះ។
នេះជាភាពប្រែប្រួលថ្មីចុងក្រោយបំផុត សម្រាប់កាសែតឈានមុខគេរបស់អាមេរិក ដែលគ្រប់គ្រងដោយមហាសេដ្ឋី លោក Jeff Bezos និងជាស្ថាបនិកក្រុមហ៊ុន Amazon។ មុនពេលមានប្រកាស អ្នកឆ្លងឆ្លើយព័ត៌មានបរទេស និងអ្នកយកព័ត៌មានក្នុងស្រុកមួយចំនួន បានអង្វរសុំឱ្យលោក Bezos រក្សាការងាររបស់ពួកគេ។
លោក Bezos បានទិញយកកាសែត Washington Post ក្នុងតម្លៃ ២៥០លានដុល្លារនាឆ្នាំ ២០១៣។ Washington Post បានបាត់បង់អ្នកជាវរាប់ម៉ឺននាក់ត្រឹមមួយប៉ព្រិចភ្នែក ក្រោយប្រកាសថា ខ្លួនមិនគាំទ្របេក្ខជនប្រធានាធិបតីណាម្នាក់ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ឡើយ ដែលជាការសម្រេចចិត្តដោយមហាសេដ្ឋី Bezos។ ការសម្រេចនេះ ហាក់ប្រាស់ចាកពីប្រពៃណីរាប់ទសវត្សរ៍ ដែលកាសែតនេះតែងគាំទ្របេក្ខជនម្នាក់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០មក ដោយភាគច្រើនជាអ្នកប្រជាធិបតេយ្យ៕







