អាមេរិកនិងបូលីវី រៀបចំតែងតាំងឯកអគ្គរដ្ឋទូតរៀងខ្លួនឡើងវិញ ក្រោយមិនមានរយៈពេលជិត២ទសវត្សរ៍ (Video inside)

06-02-2026 14:24

(ឡាប៉ាស)៖ នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសនៃប្រទេសបូលីវី លោក Fernando Aramayo បាននិយាយថា សហរដ្ឋអាមេរិកនិងបូលីវី កំពុងសហការគ្នាអំពីការរៀបចំតែងតាំងឯកអគ្គរដ្ឋទូតរៀងខ្លួនឡើងវិញ ក្នុងពេលឆាប់ៗតាមតែអាចទៅរួច បន្ទាប់ពីរយៈពេលជិត២ទសវត្សរ៍ ដោយមិនមានអ្នកតំណាងការទូតកំពូលប្រចាំប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អាមេរិកនិងបូលីវីលែងមានឯកអគ្គរដ្ឋទូត ចាប់តាំងពីឆ្នាំ២០០៨មក នៅពេលប្រធានាធិបតីបូលីវីកាលនោះ គឺលោក Evo Morales បានបណ្តេញប្រមុខបេសកកម្មការទូតរបស់អាមេរិក ក្រោយចោទប្រកាន់ថា អគ្គរដ្ឋទូតរូបនោះបានគប់គិតប្រឆាំងរដ្ឋាភិបាលរបស់លោក។ សេតវិមានក៏បានចាត់វិធានការសងសឹកវិញ ដោយបណ្តេញឯកអគ្គរដ្ឋទូតបូលីរី។

គួរបញ្ជាក់ថា ក្រោយចូលកាន់អំណាចកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋាភិបាលរបស់ប្រធានាធិបតីបូលីវីបច្ចុប្បន្ន គឺលោក Rodrigo Paz បានស្វែងរកការស្តារទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក។ កាលពីជំនាន់រដ្ឋាភិបាលរបស់លោក Morales និងរបស់ លោក Luis Arce ដែលបានដឹកនាំបូលីវីភាគច្រើននៃរយៈពេល២ទសវត្សរ៍កន្លងមក គឺប្រទេសអាមេរិកខាងត្បូងមួយនេះ បានដកឃ្លាឃ្លាតឆ្ងាយពីក្រុមប្រទេសលោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិក៕