នាយករដ្ឋមន្រ្តីជប៉ុន ទទួលបានការគាំទ្រពីលោក ត្រាំ មុនការបោះឆ្នោតសកលនាថ្ងៃអាទិត្យ (Video inside)
06-02-2026 14:52
(តូក្យូ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់ការគាំទ្រពេញទំហឹងចំពោះ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi មុនការបោះឆ្នោតសកលនៅប្រទេសជប៉ុន នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោកថែមទាំងបានប្រាប់ថា នឹងជួបលោកស្រីនៅសេតវិមាន នាថ្ងៃទី១៩ ខែមីនាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា «លោកស្រីនាយករដ្ឋមន្រ្តី Takaichi គឺជាបុគ្គលសក្តិសមទទួលបានការទទួលស្គាល់ដ៏រឹងមាំ សម្រាប់ការងារដែលរូបលោកស្រីផ្ទាល់ និងរដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងតែធ្វើ។ ដូច្នេះហើយ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ខ្ញុំមានកិត្តិយស ដើម្បីផ្តល់ការគាំទ្រពេញទំហឹងទាំងស្រុងចំពោះលោកស្រី និងអ្វីដែលរដ្ឋាភិបាលដ៏គួរឱ្យគោរពរបស់លោកស្រី កំពុងតែតំណាងឱ្យ»។
គួរបញ្ជាក់ថា លោកស្រី Sanae Takaichi បានក្លាយជាមេដឹកនាំជប៉ុន កាលពីខែតុលា ឆ្នាំ២០២៥ ក្រោយជាប់ជាប្រធានថ្មីរបស់បក្សកាន់អំណាច LDP។ កាលពីខែមុន លោកស្រីបានសម្រេចប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ ក្នុងគោលបំណងពង្រឹងអាណត្តិកាន់អំណាច ដើម្បីអាចជំរុញផែនការធំៗរបស់លោកស្រី។ តាមលទ្ធផលស្ទង់មតិចុងក្រោយបង្អស់ គណបក្សរបស់លោកស្រី ហើយនិងបក្សដៃគូគឺគណបក្ស Japan Innovation Party ឬហៅថា Ishin អាចនឹងឈ្នះបានអាសនៈរហូតដល់ខ្ទង់៣០០ ក្នុងចំណោមអាសនៈសរុប៤៦៥ នៅរដ្ឋសភា ដែលជាចំនួនដ៏ខ្ពស់មួយ ធៀបនឹងចំនួនអាសនៈដែលពួកគេកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន៕







