ឥណ្ឌូណេស៉ី ចុះសន្ធិសញ្ញាសន្តិសុខជាមួយអូស្រ្តាលី (Video inside)

06-02-2026 15:20

(ហ្សាការតា)៖ នាថ្ងៃសុក្រនេះ ឥណ្ឌូណេស៉ីនិងអូស្រ្តាលីបានចុះសន្ធិសញ្ញាសន្តិសុខមួយ ដែលប្តេជ្ញាឱ្យប្រទេសទាំងពីរពិគ្រោះយោបល់គ្នា ប្រសិនបើភាគីណាមួយរងការគំរាមកំហែង បន្ទាប់ពីប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានជួបគ្នានៅទីក្រុងហ្សាការតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Albanese បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាសញ្ញាបង្ហាញថា ទំនាក់ទំនងរវាងប្រទេសអូស្រ្តាលីនិងឥណ្ឌូណេស៉ី កំពុងមានភាពរឹងមាំជាងពេលណាៗទាំងអស់ ហើយវាគឺជាការពង្រីកកាន់តែធំបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ ដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងខាងលើ មិនទាន់ត្រូវបានឱ្យដឹងអំពីខ្លឹមសារលម្អិតនៅឡើយទេ ខណៈវាត្រូវបានប្រកាសដំបូង កាលពីខែវិច្ឆិកា ឆ្នាំមុន នៅពេលដែលលោក Prabowo ធ្វើទស្សនកិច្ចទៅកាន់អូស្រ្តាលី។ ឥណ្ឌូណេស៉ីប្រកាន់គោលនយោបាយការបរទេស ដែលមិនចូលបក្សសម្ព័ន្ធ ដោយកសាងចំណងមិត្តភាពជាមួយប្រទេសដទៃទៀត តែមិនចូលរួមក្នុងប្លុកយោធាផ្លូវការណាមួយទេ។

គួរបញ្ជាក់ថា បើតាមការបង្ហើបកន្លងមកដោយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong សន្ធិសញ្ញាដែលចុះហត្ថលេខានាថ្ងៃសុក្រនេះ គឺយកគំរូតាមកិច្ចព្រមព្រៀងសន្តិសុខឆ្នាំ១៩៩៥ រវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងឆ្នាំ១៩៩៥នោះ ត្រូវបានរំសាយទៅវិញកាលពីឆ្នាំ១៩៩៩ បន្ទាប់ពីអូស្រ្តាលី បានដឹកនាំកងកម្លាំងរក្សាសន្តិភាពរបស់​អង្គការសហប្រជាជាតិ នៅទីម័រខាងកើត ដែលបានធ្លាក់ចូលក្នុងភាពវឹកវរយ៉ាងហិង្សា ស្របពេលព្យាយាមស្វែងរកឯករាជ្យចេញពី​ប្រទេសឥណ្ឌូណេស៉ី៕