CEO នៃវេទិកាសេដ្ឋកិច្ចពិភពលោក រងការស៉ើបអង្កេត ជុំវិញភាពជាប់ពាក់ព័ន្ធនឹងពិរុទ្ធជន Epstein
06-02-2026 16:08
(Zurich)៖ អង្គការនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបើកការស៉ើបអង្កេតឯករាជ្យមួយ ទៅលើនាយកប្រតិបតិ្ត (CEO) លោក Borge Brende ដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់លោក ជាមួយពិរុទ្ធជនល្មោភកាម Jeffrey Epstein។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦។
អង្គការរៀបចំកិច្ចប្រជុំកំពូលក្នុងទីក្រុង Davos ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ បានឱ្យដឹងថា ខ្លួនកំពុងស៉ើបអង្កេតព័ត៌មានពីក្រសួងយុត្តិធម៌អាមេរិក ដែលថាលោក Brende បានជួបទទួលទានអាហារពេលល្ងាច លក្ខណៈអាជីវកម្ម ចំនួន ៣លើកជាមួយលោក Epstein ហើយក៏ធ្លាប់ទាក់ទងគ្នាតាមសារអ៉ីមែល និងសារទូរស័ព្ទផងដែរ។
WEF បានចេញសេចក្តីថ្លែងការថា «ការសម្រេចចិត្តនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ WEF ចំពោះតម្លាភាព និងការរក្សាបាននូវភាពសុចរិតរបស់ខ្លួន»។ តាម WEF លោក Brende អតីតរដ្ឋមន្ត្រីការបរទេសន័រវែស ដែលបានកាន់តំណែង CEO តាំងពីឆ្នាំ ២០១៧ គាំទ្រយ៉ាងពេញទំហឹងចំពោះការស៉ើបអង្កេត ដែលលោកបានស្នើសុំដោយខ្លួនឯង។ លោក Brende នឹងបន្តភារកិច្ចរបស់លោកជា CEO ដដែល ខណៈអ្នកប្រឹក្សាច្បាប់ធ្វើការស៉ើបអង្កេត៕







