អាមេរិក បង្កើនថវិកាជំនួយទៅឱ្យគុយបា ស្របពេលបិទខ្ទប់លំហូរផ្គត់ផ្គង់ប្រេង

06-02-2026 16:57

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នឹងផ្តល់ថវិកាបន្ថែមចំនួន ៦លានដុល្លារ នៅក្នុងកញ្ចប់ជំនួយសម្រាប់គុយបា បើទោះបីជាកំពុងប្រឹងប្រែងបិទខ្ទប់លំហូរផ្គត់ផ្គង់ប្រេង ចូលទៅក្នុងប្រទេសកោះ Caribbean មួយនេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦។

សហរដ្ឋអាមេរិក កាលពីខែមករា បានផ្តល់ជំនួយ ៣លានដុល្លារទៅឱ្យគុយបា ដើម្បីដោះស្រាយបញ្ហា ដែលបណ្តាលមកពីព្យុះហឺរីខេន Melissa។ មន្រ្តីផ្នែកជំនួយ លោក Jeremy Lewin បាននិយាយថា ការប្តេជ្ញាចិត្តថ្មីរបស់សហរដ្ឋអាមេរិក នឹងនាំនូវថែម ៦លានដុល្លារទៀត ដូច្នេះចំនួនសរុប គឺ៩លានដុល្លារហើយ គិតចាប់តាំងពីមានមហន្តរាយខែតុលា។ ជំនួយទាំងនេះកំពុងត្រូវបានចែកចាយ ដោយវិហារកាតូលិក។

យ៉ាងនេះក្តី អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បានប្រដូចសកម្មភាពនេះ ថាទៅនឹងមនុស្សមុខពីរ ពោលគឺអាមេរិក នៅម្ខាងបានដាក់លក្ខខណ្ឌសេដ្ឋកិច្ចចំពោះមនុស្សរាប់លាននាក់ ហើយនៅម្ខាងទៀតធ្វើជាមកយកជំនួយកំប៉ិកកំប៉ុកមកឱ្យ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា គុយបានឹងលែងទទួលបានប្រេង ពីវ៉េណេស៊ុយអេឡាទៀតហើយ ក្រោយមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវចាប់ខ្លួនកាលពីខែមុន ហើយគំរាមដាក់ពន្ធលើប្រទេសផ្គត់ផ្គង់ផ្សេងទៀត ដូចជាម៉ិកស៉ិក ប្រសិនបើពួកគេបន្តដឹកជញ្ជូនប្រេងឥន្ធនៈទៅគុយបា៕