ផ្លូវបេតុង៦០៥ម៉ែត្រ បើកទ្វារវឌ្ឍនភាពពីភូមិតានន ពន្លាតដល់ភូមិក្បែរខាង និងតភ្ជាប់សេដ្ឋកិច្ចខេត្តកណ្តាល–តាកែវ
06-02-2026 17:46
(ខេត្តតាកែវ)៖ ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការនិងគម្រោង នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានចុះទៅពិនិត្យវឌ្ឍនភាព នៃការការសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៦០៥ម៉ែត្រ តភ្ជាប់ពីភូមិតាននដល់ភូមិស្វាយខម ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងសាងសង់បានប្រមាណជាង៥០%នៃផែនការរបស់ខ្លួន ដែលគ្រោងនឹងឈានទៅដាក់ឱ្យដំណើរការនៅក្នុងអំឡុងពេលទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី នាខែមេសាខាងមុខនេះ។
លោក ប៉ាង សាម៉ឺឌី មេភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ បានជម្រាបថា ក្រោយការបើកការដ្ឋាននាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ផ្លូវបេតុងប្រវែង៦០៥ម៉ែត្រ និងទទឹង៥ម៉ែត្រដែលតភ្ជាប់ភូមិតានន (ភូមិគំរូមិត្តភាពកម្ពុជា-ចិន) មកភូមិស្វាយខម បានដំណើរការយ៉ាងសស្រាក់សស្រាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីឆាប់បានបិទបញ្ចប់ការសាងសង់ និងផ្តល់មុខមាត់ថ្មី ព្រមទាំងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន ក្នុងភូមិតាននដែលធ្លាប់ជាភូមិដាច់ស្រយាលក្លាយជា មជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់នៅជនបទ។
លោកបានបន្ថែមថា ភូមិតានននិយាយដោយឡែក ឃុំដូងទាំងមូលនិយាយ រួមមានភ័ព្វសំណាងណាស់ ដោយបានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានចុះមកជួយ ដោយបានផ្តល់ជាគតិ ជាការរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅកាន់តែប្រសើរ ហើយផ្លូវបេតុងនេះជាសក្ខីភាពថ្មីបន្ថែមលើសមិទ្ធផលរាប់មិនអស់ ដែលឯកឧត្តមបានសាងសង់ នៅក្នុងឃុំដូង ដោយហេដ្ឋារចនាសម្ព័ន្ធដែលជាអំណោយរបស់ឯកឧត្តម បាននិងកំពុងជំរុញល្បឿនៃសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ដូចជា ការដឹកជញ្ជូនផលកសិកម្ម ការធ្វើពាណិជ្ជកម្មតូចធំ និងការចូលរួមរបស់វិស័យឯកជននៅតំបន់ជាយក្រុង និងជនបទផងដែរ។
លោក ណុប ទូច មេឃុំដូង បានទទួលស្គាល់ថា ផ្លូវបេតុងដែលជាអំណោយរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ពិតជាបានតភ្ជាប់សរសៃ ឈាមសេដ្ឋកិច្ចដ៏សំខាន់នៃភូមិសាស្ត្រខេត្តកណ្តាលតាមភូមិតានន ឆ្ពោះទៅខេត្តតាកែវ បង្កើតជាច្រកថ្មីនៃចរាចរណ៍ដែលជួយ កាត់បន្ថយពេលវេលា និងចំណាយដឹកជញ្ជូន បង្កើនប្រសិទ្ធភាពផលិតកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ស្រុក ខេត្តទាំងពីរ។ លោកបន្ថែមថា ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងឃុំដូងបានបង្ហាញការសាទរ និងការពេញចិត្តចំពោះ សមិទ្ធផលនេះ ដោយចាត់ទុកថា ផ្លូវបេតុងថ្មីជាមូលដ្ឋានសម្រាប់អភិវឌ្ឍយូរអង្វែង ជួយបង្កើនការតភ្ជាប់សង្គម សេដ្ឋកិច្ច និងវប្បធម៌ រវាងសហគមន៍នានា។
លោក កឹម ច័ន្ទធូ បានពាំនាំប្រសាសន៍ណែនាំបន្ថែមពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ លើការងារអភិវឌ្ឍឃុំដូង និងបានជួបពិភាក្សា ជាមួយរដ្ឋបាលឃុំដូង ប្រជាជនមូលដ្ឋាន និងក្រុមបច្ចេកទេសសាងសង់ផ្លូវបេតុងនេះ ដើម្បីធ្វើឱ្យប្រាកដពីគុណភាព របស់ផ្លូវបេតុងនេះ ស្របតាមមាត្រដ្ឋានបច្ចេកទេសសំណង់ផ្លូវ និងគោរពបាននូវគុណតម្លៃនៃសរសៃឈាមចរាចរណ៍ និងភស្តុភារកម្មដ៏មមាញឹកតាមរយៈផ្លូវបេតុងនេះ។ លោកក៏បានរំលេចពីផលដែលផ្លូវបេតុងនេះ បានជួយពន្លាតពីភូមិតានន ដល់ភូមិក្បែរខាង ដោយក្លាយជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏មានអត្ថន័យ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ និងជាសញ្ញាបង្ហាញពីវឌ្ឍនភាពជាក់ស្តែង នៃភូមិគំរូមិត្តភាពកម្ពុជា–ចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន










