មន្ត្រីចារកម្មយោធាកំពូលរុស្ស៊ីរងការបាញ់ប្រហារនៅមូស្គូ ខណៈរុស្ស៊ីចោទអ៊ុយក្រែនជាអ្នកនៅពីក្រោយ (Video inside)
06-02-2026 22:48
(មូស្គូ)៖ អនុប្រធានចារកម្មយោធារុស្ស៊ី (GRU) លោកឧត្តមសេនីយ៍ទោ វ៉្លាឌីមៀ អាឡិចសេយេវ (Vladimir Alexeyev) ត្រូវបានគេបាញ់ប្រហារឱ្យរងរបួសធ្ងន់នៅក្នុងអគារស្នាក់នៅរបស់លោកក្នុងទីក្រុងមូស្គូកាលពីថ្ងៃសុក្រ។ នេះបើតាមការប្រកាសរបស់អ្នកស៊ើបអង្កេតរុស្ស៊ី ដែលដកស្រង់ដោយ Reuters។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់ប្រហារជាច្រើនគ្រាប់ទៅលើលោក អាឡិចសេយេវ មុនពេលរត់គេចខ្លួន។ កាសែត Kommersant បានរាយការណ៍ថា ជនដៃដល់បានរង់ចាំលបបាញ់ប្រហារនៅពេលជនរងគ្រោះចេញពីផ្ទះទៅធ្វើការ ដោយបានបន្ថែមថា លោកបានរងរបួសត្រង់ដៃ ជើង និងទ្រូង ហើយបច្ចុប្បន្ន លោកកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ ឡាវរ៉ូវ បានចោទប្រកាន់ភ្លាមៗថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតនេះ ដើម្បីបំផ្លាញកិច្ចចរចាសន្តិភាព។ ទោះយ៉ាងណា អ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។
គួរបញ្ជាក់ថា លោក អាឡិចសេយេវ វ័យ ៦៤ឆ្នាំ គឺជាមន្ត្រីជាន់ខ្ពស់ដែលមានតួនាទីសំខាន់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោកក៏ស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ ពាក់ព័ន្ធនឹងការលូកដៃក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ និងការបំពុលអតីតភ្នាក់ងាររុស្ស៊ី Sergei Skripal នៅអង់គ្លេសក្នុងឆ្នាំ២០១៨៕







