បុរសម្នាក់ក្នុងរដ្ឋ Ohio ត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់អនុប្រធានាធិបតីអាមេរិក លោក JD Vance (Video inside)
07-02-2026 11:58
(វ៉ាស៊ីនតោន)៖ គណៈវិនិច្ឆយសហព័ន្ធមួយរបស់សហរដ្ឋអាមេរិក បានចោទប្រកាន់លើបុរសអាយុ៣៣ឆ្នាំម្នាក់ ពីបទគំរាមសម្លាប់អនុប្រធានាធិបតីអាមេរិក លោក JD Vance អំឡុងដំណើរទស្សនកិច្ចរបស់ លោកទៅកាន់រដ្ឋ Ohio កាលពីខែមករាកន្លងទៅ។ នេះបើតាមក្រសួងយុត្តិធម៌អាមេរិកដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងថាជនឈ្មោះ Shannon Mathre មានទីលំនៅក្នុងទីក្រុង Toledo រដ្ឋ Ohio ត្រូវបានចោទប្រកាន់ពីបទ គំរាមសម្លាប់ និងបង្កការខូចខាតដល់រូបរាងកាយលើលោក Vance។ សេចក្ដីថ្លែងការណ៍នេះដដែលបានគូសបញ្ជាក់ដូច្នេះថា «Mathre ដែលត្រូវបានចោទប្រកាន់បានគំរាមថា ខ្ញុំនឹងតាមស្វែងរកឱ្យ ឃើញថា គាត់ (លោក JD Vance) កំពុងទៅកាន់ទីណា ហើយប្រើប្រាស់កាំភ្លើង M14 បាញ់សម្លាប់រូបលោក»។ បុរសឈ្មោះ Mathre ត្រូវបានឃាត់ខ្លួនដោយកងអង្គរក្ស Secret Service កាលពីថ្ងៃសុក្រ។
គួរបញ្ជាក់ថា ប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាពពិតមែន Shannon Mathre អាចនឹងប្រឈមមុខជាប់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ២៥០ ០០០ដុល្លារ សម្រាប់ការគំរាមសម្លាប់ អនុប្រធានាធិបតីអាមេរិក៕






