Axios៖ សហរដ្ឋអាមេរិកគ្រោងរៀបចំកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព ក្នុងទីក្រុងវ៉ាស៊ីនតោន (Video inside)
07-02-2026 13:53
(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Axios កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ បានរាយការណ៍ថាសេតវិមានមានផែនការរៀបចំកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា នៅថ្ងៃទី១៩ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយផ្អែកប្រភពពីមន្ត្រីអាមេរិកម្នាក់ និងមន្ត្រីការទូតមកពីប្រទេសចំនួន៤ ជាសមាជិកក្រុមប្រឹក្សាសន្តិភាពក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Axios បានឱ្យដឹងទៀតថាផែនការសម្រាប់ការរៀបចំកិច្ចប្រជុំខាងលើ ដែលនឹងរួមបញ្ចូលការរៃអង្គាសប្រាក់ទុកសម្រាប់ការស្ថាបនាតំបន់ហ្កាហ្សាឡើងវិញផងនោះ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ហើយអាចនឹងមានការប្រែប្រួល។ តាម Axios កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅឯ វិទ្យាស្ថានសន្តិភាពអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន។ រីឯនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ត្រូវបានរំពឹងថានឹងជួបលោក ត្រាំ នៅសេតវិមានក្នុងថ្ងៃទី១៨ ខែកុម្ភៈ មួយថ្ងៃមុនកិច្ចប្រជុំ ធ្វើឡើង។
ភ្លាមៗ ខាងសេតវិមាន និងក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយនោះទេ។
គួរបញ្ជាក់ថា កាលពីខែមករា លោក ដូណាល់ ត្រាំ បានសម្ពោធជាផ្លូវការក្រុមប្រឹក្សាសន្តិភាពដែលមានរូបលោកផ្ទាល់ជាប្រធាន និងដែលលោកអះអាងថាមានតួនាទីដោះស្រាយជម្លោះនៅជុំវិញពិភពលោក ដោយធ្វើឱ្យក្រុមអ្នកជំនាញបារម្ភថាក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អង្គការសហប្រជាជាតិ៕







