លោក ត្រាំ ចេញបទបញ្ជាគំរាមដំឡើងពន្ធគយលើបណ្ដាប្រទេសបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ (Video inside)
07-02-2026 15:58
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយគំរាមដំឡើងពន្ធគយលើប្រទេសជាដៃគូពាណិជ្ជកម្មរបស់អ៉ីរ៉ង់ បន្ទាប់ពី រូបលោកលើកឡើងពីកិច្ចចរចាជុំបន្ទាប់ជាមួយតេហេរ៉ង់នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បទបញ្ជាខាងលើនឹងចូលជាធរមានចាប់ពីថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ជាមួយគោលដៅដំឡើងពន្ធគយលើបណ្ដាប្រទេសដែលកំពុងបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ បទបញ្ជាដដែលបានគូសបញ្ជាក់ដូច្នេះថា «ការដំឡើងពន្ធគយអាចនឹងត្រូវបានអនុវត្តលើទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិកដែលជាផលិតផលរបស់បណ្ដាប្រទេសទាំងឡាយណាដែលកំពុងបន្តទិញទាំងដោយផ្ទាល់ ឬប្រយោលនូវទំនិញ ឬសេវាពីអ៉ីរ៉ង់»។
លោក ត្រាំ កាលពីខែមករាបានគំរាមយកពន្ធគយ ២៥ភាគរយ លើប្រទេសទាំងឡាយណាដែលបន្តធ្វើពាណិជ្ជកម្មរបស់អ៉ីរ៉ង់។ លោក ត្រាំ កាលពីថ្ងៃសុក្រ ទី៦ បាននិយាយថាទីក្រុងវ៉ាស៊ីនតោនមានកិច្ចចរចាដ៏ល្អ ស្ដីពីអ៉ីរ៉ង់ បន្ទាប់ពីភាគីទាំងសងខាងបានចូលរួមក្នុងកិច្ចចរចាដោយប្រយោលមួយក្នុងប្រទេសអូម៉ង់។ កិច្ចចរចាជុំបន្ទាប់អាចនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ ប៉ុន្តែលោកនៅតែព្រមានដដែលថាជម្រើសយោធាមាន នៅលើតុជាស្រេច ប្រសិនបើអ៉ីរ៉ង់មិនបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកទេនោះ៕




