អ៊ុយក្រែន ថារុស្ស៉ីវាយប្រហារបណ្តាញសម្ព័ន្ធថាមពលរបស់ខ្លួន ដោយប្រេីដ្រូនជាង ៤០០គ្រឿង និងមីស៉ីល ៤០គ្រាប់ (Video inside)
07-02-2026 18:57
(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រុស្ស៉ីបានបេីកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើរោងចក្រថាមពលរបស់អ៊ុយក្រែន ពេញមួយយប់ឈានចូលថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ដោយផ្តោតលើទីតាំងផលិត និងចែកចាយអគ្គិសនី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានឱ្យដឹងថា ការវាយប្រហារពេញមួយយប់នេះ មានយន្តហោះដ្រូនជាង ៤០០គ្រឿង និងមីស៉ីលប្រភេទផ្សេងៗគ្នាចំនួន ៤០គ្រាប់ សំដៅលើបណ្តាញអគ្គិសនី កន្លែងផលិត និងស្ថានីយចែកចាយ។ ភ្លាមៗមិនទាន់មានការអត្ថាធិប្បាយពីរុស្ស៉ីនោះទេ។
រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែន លោក Denys Shmyhal និយាយថា ការវាយប្រហារបានត្រូវចំស្ថានីយថាមពលកំដៅចំនួនពីរក្នុងតំបន់ភាគខាងលិច ហេីយដែលជាចំណុចស្នូលនៃប្រព័ន្ធចែកចាយអគ្គិសនីរបស់អ៊ុយក្រែន ពោលគឺស្ថានីយរង និងបណ្តាញចែកចាយអគ្គិសនីសំខាន់ៗ។
ការវាយប្រហាររបស់រុស្ស៉ីកេីតមានឡេីងនៅពេលដែលសីតុណ្ហភាពចាប់ផ្តើមធ្លាក់ចុះ ហើយត្រូវបានគេព្យាករថានឹងធ្លាក់ដល់ -១៤អង្សារសេនៅប៉ុន្មានថ្ងៃខាងមុខ។ ជិត ៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី វិស័យថាមពលអ៊ុយក្រែនកំពុងដួលរលំ៕







