លោក ត្រាំ ណែនាំឱ្យផ្តល់អាទិភាពដល់ប្រទេសដែលចំណាយច្រើនលើវិស័យការពារជាតិ សម្រាប់ការទិញអាវុធពីអាមេរិក (Video inside)
07-02-2026 19:49
(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃទី៦ ខែកុម្ភៈ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលនឹងកំណត់ឡើងវិញ ចំពោះប្រទេសអាទិភាពសម្រាប់ការលក់អាវុធរបស់សហរដ្ឋអាមេរិក ដោយមើលទៅលើខ្ទង់ចំណាយខ្ពស់ក្នុងវិស័យការពារជាតិ និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៅក្នុងតំបន់របស់ពួកគេ។ នេះបើផ្អែកតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បទបញ្ជាប្រតិបត្តិ «America First Arms Transfer Strategy» ដែលមានន័យថា យុទ្ធសាស្ត្រចែកចាយអាវុធដោយគិតគូរដល់អាមេរិកមុនគេ បង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយលក់អាវុធរបស់សហរដ្ឋអាមេរិក។ បទបញ្ជានេះណែនាំឱ្យទីភ្នាក់ងារសហព័ន្ធ ផ្តល់អាទិភាពដល់ការលក់សម្ភារយោធាទៅដល់ដៃគូដែលបានវិនិយោគយ៉ាងច្រើននៅក្នុងសមត្ថភាពការពារខ្លួនរបស់ពួកគេ និងកាន់កាប់តួនាទី ឬភូមិសាស្ត្រសំខាន់។
យុទ្ធសាស្ត្រថ្មីនេះមានបំណងពន្លឿនការចែកចាយអាវុធដែលផលិតដោយសហរដ្ឋអាមេរិក ទៅឱ្យសម្ព័ន្ធមិត្តដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់សន្តិសុខក្នុងតំបន់ ខណៈប្រើប្រាស់លទ្ធភាពទិញពីបរទេសដើម្បីពង្រីកសមត្ថភាពផលិតក្នុងស្រុក។ រដ្ឋមន្ត្រីការពារជាតិ ការបរទេស និងពាណិជ្ជកម្ម មានភារកិច្ចរៀបចំបញ្ជីឈ្មោះប្រទេសអាទិភាព និងកំណត់ឱកាសសម្រាប់ការលក់ឱ្យស្របតាមគោលដៅ។
គួរបញ្ជាក់ថា អស់ជាច្រើនទស្សវត្សមកហើយ ការលក់អាវុធរបស់សហរដ្ឋអាមេរិក គឺអ្នកទិញមុន ទទួលបានមុន។ វាអាចប្រែប្រួលលុះត្រាតែមានឧបសគ្គធំណាមួយ ហើយប្រទេសដែលមានឈ្មោះរួចត្រូវបានផ្តល់អាទិភាព។




