អ៉ីរ៉ង់ លេីកឡេីងជាថ្មីអំពីរបៀបឆ្លេីយតបនឹងសហរដ្ឋអាមេរិក ក្រោយកិច្ចចរចានៅអូម៉ង់ទេីបបញ្ចប់ (Video inside)
07-02-2026 21:18
(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បាននិយាយនាថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ថាអ៉ីរ៉ង់នឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ប្រសិនបើខ្លួនរងការវាយប្រហារពីសំណាក់កងកម្លាំងអាមេរិកដែលកំពុងមានវត្តមានយ៉ាងសម្បេីមនៅក្នុងតំបន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Abbas Araqchi បាននិយាយបែបនេះទៅកាន់ទូរទស្សន៍ Qatari Al Jazeera មួយថ្ងៃបន្ទាប់ពីទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន សន្យាបន្តកិច្ចចរចានុយក្លេអ៊ែរដោយប្រយោល ខណៈភាគីទាំងសងខាងពិពណ៌នាថាកិច្ចចរចាកាលពីថ្ងៃសុក្រនៅអូម៉ង់ គឺមានភាពវិជ្ជមាន។ លោកបានបញ្ជាក់ទៀតថា ការសន្ទនាណាមួយទាមទារឱ្យចៀសវាងពីការគំរាមកំហែង និងដាក់សម្ពាធ ហេីយតេហេរ៉ង់និយាយតែបញ្ហានុយក្លេអ៊ែររបស់ខ្លួន និងមិនពិភាក្សាពីបញ្ហាផ្សេងទៀតជាមួយសហរដ្ឋអាមេរិកឡេីយ។
ខណៈលោក Araqchi និយាយថា មិនទាន់មានកាលបរិច្ឆេទកំណត់សម្រាប់ការចរចាបន្ទាប់ ដោយគ្រាន់តែថាអាចនឹងធ្វើឡើង ក្នុងពេលឆាប់ៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថាវានឹងប្រព្រឹត្តទៅនាដេីមសប្តាហ៍ក្រោយ។ មុនពេលមានកិច្ចចរចា លោក ត្រាំ បានគំរាមវាយប្រហារអ៉ីរ៉ង់ ដោយទាមទារឱ្យអ៉ីរ៉ង់ បោះបង់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម បញ្ឈប់ការអភិវឌ្ឍកម្មវិធីមីស៉ីលផ្លោង និងការគាំទ្រសម្រាប់ក្រុមប្រដាប់អាវុធនៅជុំវិញតំបន់។
ជាយូរមកហេីយទីក្រុងតេហេរ៉ង់ តែងបដិសេធពីចេតនាផលិតអាវុធនុយក្លេអ៊ែរ និងចង់ឱ្យមានការទទួលស្គាល់សិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ហើយថាការដាក់កម្មវិធីមីស៉ីលនៅលើតុចរចា នឹងទុកឱ្យខ្លួនងាយរងគ្រោះដោយសារការវាយប្រហាររបស់អ៉ីស្រាអែល៕




