អាកាយានដ្ឋានចំនួនពីររបស់ប៉ូឡូញ ដំណេីរការឡេីងវិញ បន្ទាប់ពីប្រតិបត្តិការល្បាតឃ្លាំមេីលការបំពានដែនអាកាស បានបញ្ចប់

07-02-2026 23:11

(វ៉ាសូវី)៖ អាកាសយានដ្ឋាន Lublin និង Rzeszow របស់ប្រទេសប៉ូឡូញ បានបើកដំណើរការឡើងវិញ នាថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ បន្ទាប់ពីប្រតិបត្តិការយោធាផ្លូវអាកាស រួមទាំងការហោះហើរល្បាតដោយយន្តហោះណាតូ (NATO) នៅក្នុងដែនអាកាសរបស់ប្រទេសបានបញ្ចប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីបញ្ជាការប្រតិបត្តិកងទ័ពប៉ូឡូញ បានឱ្យដឹងតាមរយៈការបង្ហោះសារលេីបណ្តាញសង្គម X ដូច្នេះថា «គ្មានករណីបំពានដែនអាកាសប៉ូឡូញទេ។ យេីងសូមថ្លែងអំណរគុណដល់ណាតូ និងកងទ័ពអាកាសអាល្លឺម៉ង់ ដែលបានជួយធានាសុវត្ថិភាពនៅលើលំហរអាកាសប៉ូឡូញថ្ងៃនេះ»។

អាកាសយានដ្ឋានទាំងពីរនេះ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសប៉ូឡូញជាប់នឹងអ៊ុយក្រែន។ កងទ័ពប៉ូឡូញបាននិយាយថា ប្រតិបត្តិការយោធារបស់ខ្លួន គឺក្នុងលក្ខណៈការពារ និងមានគោលបំណងធានាសន្តិសុខដែនអាកាសក្នុងតំបន់ដែលនៅជាប់នឹងតំបន់រងការគំរាមកំហែង ដោយការវាយប្រហាររវាងរុស្ស៉ី និងអ៊ុយក្រែន៕