ការបោះឆ្នោតសកលនៅប្រទេសថៃ ចាប់ផ្តើមប្រព្រឹត្តទៅ ក្រោយដូរនាយករដ្ឋមន្រ្តី៣រូប ក្នុងរយៈពេលត្រឹម២ឆ្នាំ (Video inside)
08-02-2026 09:18
(បាងកក)៖ នាថ្ងៃអាទិត្យនេះ ការបោះឆ្នោតសកលនៅប្រទេសថៃ បានចាប់ផ្តើមប្រព្រឹត្តទៅហើយ ក្រោមការប្រកួតប្រជែងរវាងគណបក្សដែលមានប្រជាប្រិយភាពនាំមុខគេ សរុបចំនួន៣ និងបន្ទាប់ពីប្រទេសអាស៊ានមួយនេះ បានផ្លាស់ប្តូរមេដឹកនាំជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណជា២ឆ្នាំចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
គណបក្សធំៗទាំង៣ ដែលត្រូវបានសង្កេតឃើញថាមានការគាំទ្រនាំមុខគេ រួមមានគណបក្សប្រជាជន ដឹកនាំដោយលោក Nattaphong Ruangpanyawut, គណបក្សភឿថៃរបស់អតីតនាយករដ្ឋមន្រ្តី លោក Thaksin Shinawatra ហើយមានក្មួយប្រុសរបស់លោក គឺលោក Yodchanan Wongsawat កំពុងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី ព្រមទាំងគណបក្សភូមិចៃថៃរបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក Anutin Charnvirakul។
តាមការព្យាករ ទំនងជានឹងមិនមានគណបក្សណាមួយ អាចឈ្នះអាសនៈនៅរដ្ឋសភាក្នុងចំនួនច្រើនគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលតែឯងឡើយ ពោលគឺការចរចាស្វែងរកដៃគូចម្រុះ ត្រូវបានរំពឹងថានឹងធ្វើឡើង ក្រោយចេញលទ្ធផលបោះឆ្នោត។ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយថៃ បាននិយាយថា នៅប្រទេសថៃ ការបោះឆ្នោតតែមួយមុខ មិនអាចកំណត់នរណា ជាអ្នកដឹកនាំប្រទេសឡើយ ជំនួសមកវិញសមរភូមិនយោបាយពិតប្រកដនៅក្នុងប្រទេសមួយនេះ គឺស្ថិតនៅលើការធ្វើអន្តរាគមន៍ក្រោយការបោះឆ្នោត ជាពិសេសការកាត់សេចក្តីរបស់តុលាការ ដែលកន្លងមកបានរំលាយគណបក្ស ឬដកតំណែងមេដឹកនាំ ជាហេតុនាំឱ្យជ័យជម្នះក្នុងការបោះឆ្នោតមានភាពផុយស្រួយ ហើយរឿយៗគ្រាន់តែមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។
គួរបញ្ជាក់ថា គណបក្ស Move Forward ដែលជាបក្សជំនាន់មុនរបស់បក្សប្រជាជនបច្ចុប្បន្ន បានឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតសកលកាលពី៣ឆ្នាំមុន ប៉ុន្តែបេក្ខជនរបស់ខ្លួន ត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្រ្តី និងបង្កើតរដ្ឋាភិបាល ហើយគណបក្ស ក៏ត្រូវបានរំលាយចោលថែមទៀត។ បន្ទាប់ពីនោះ គណបក្សភឿថៃ ដែលស្ថិតនៅលំដាប់ទី២ បានបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយបក្សភូមិចៃថៃ ដែលនៅស្ថិតនៅលំដាប់ទី៣។
យ៉ាងណាមិញ ក្រោយមកនាយករដ្ឋមន្រ្តីដំបូងរបស់ភឿថៃ គឺលោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញថៃដកតំណែង កាលពីខែសីហា ឆ្នាំ២០២៤ ក្រោយកាន់តួនាទីបានត្រឹម១ឆ្នាំ ហើយនាយករដ្ឋមន្រ្តីបន្ទាប់ទៀតរបស់ភឿថៃ គឺលោកស្រី Paetongtarn Shinawatra ក៏បានជួបជោគវាសនាដូចគ្នា។ ចុងក្រោយ លោក Anutin ក៏បានក្លាយជានាយករដ្ឋមន្រ្តីទី៣ កាលពីខែកញ្ញា ឆ្នាំ២០២៥៕







