ជប៉ុនរៀបចំការបោះឆ្នោតមុនអាណត្តិ ដោយគណបក្សរបស់នាយករដ្ឋមន្រ្តី Takaichi ត្រូវបានរំពឹងថានឹងឈ្នះធំ (Video inside)
08-02-2026 11:09
(តូក្យូ)៖ នាថ្ងៃអាទិត្យនេះ ជប៉ុនបានរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ខណៈនាយករដ្ឋមន្រ្តីលោកស្រី Sanae Takaichi សង្ឃឹមថា នឹងអាចប្រែក្លាយប្រជាប្រិយភាពខ្ពស់របស់ខ្លួន ចាប់តាំងពីពេលឡើងកាន់តំណែង ឱ្យទៅជាជ័យជម្នះធំមួយក្នុងការបោះឆ្នោត ដើម្បីអនុញ្ញាតឱ្យលោកស្រីជំរុញរបៀបវារៈធំៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
លទ្ធផលស្ទង់មតិចុងក្រោយបំផុត បានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរី LDP របស់លោកស្រី Takaichi នឹងឈ្នះលើស ២៣៣អាសនៈយ៉ាងងាយស្រួល ដែលជាចំនួនអាសនៈចាំបាច់ សម្រាប់គ្រប់គ្រងសំឡេងភាគច្រើននៅក្នុងរដ្ឋសភាជប៉ុន ដែលមានអាសនៈសរុបចំនួន៤៦៥។ យោងតាមការស្ទង់មតិ បក្ស LDP រួមជាមួយបក្សជាដៃគូរបស់ខ្លួន អាចកាន់កាប់អាសនៈ បានរហូតដល់៣១០ ដែលជាសំឡេងភាគច្រើន២ភាគ៣។ វានឹងជាលទ្ធផលប្រសើរបំផុត សម្រាប់គណបក្ស LDP គិតចាប់តាំងពីឆ្នាំ២០១៧ នៅពេលអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe សម្រេចបានលទ្ធផលស្រដៀងគ្នា។
គួរបញ្ជាក់ថា លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្រ្តីស្រ្តីដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តជប៉ុន កាលពីខែតុលា ឆ្នាំ២០២៥ ក្រោយការបោះឆ្នោតជ្រើសរើសប្រធានថ្មី របស់គណបក្សប្រជាធិបតេយ្យសេរី បន្ទាប់ពីការលាលែងរបស់អតីតមេដឹកនាំ លោក Shigeru Ishiba។ កាលពីខែមករា លោកស្រី បានសម្រេចប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ៕






