កូរ៉េខាងជើង នឹងរៀបចំមហាសន្និបាតបក្សនៅចុងខែកុម្ភៈនេះ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២១ (Video inside)

08-02-2026 11:55

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នាថ្ងៃអាទិត្យនេះ បានប្រកាសថា ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េខាងជើង នឹងប្រារព្ធសមាជបក្សដ៏ធំរបស់ខ្លួន នៅអំឡុងចុងខែនេះ ដែលនឹងជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២១មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

សមាជបក្សលើកទី៨ របស់ទីក្រុងព្យុងយ៉ាង ត្រូវបានប្រារព្ធឡើងកាលពីខែមករា ឆ្នាំ២០២១ ត្រឹមប៉ុន្មានថ្ងៃមុនការស្បថចូលកាន់តំណែង ​របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងចំពេលដែលកូរ៉េខាងជើង កំពុងអនុវត្តវិធានការរឹតត្បិតព្រំដែនយ៉ាងខ្លាំង អំឡុងការរាតត្បាតនៃជំងឺកូវីដ។

អំឡុងសមាជខាងលើ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានតែងតាំងជាអគ្គលេខាធិការនៃបក្សកាន់អំណាច ខណៈឋានៈនោះពីមុនមក គឺត្រូវបានរក្សាទុក សម្រាប់តែឪពុករបស់លោក គឺអតីតមេដឹកនាំ លោក គីម ជុងអ៉ីល ប៉ុណ្ណោះ ជាហេតុនាំឱ្យអ្នកវិភាគយល់ថា វាគឺជាការពង្រឹងអំណាចឱ្យកាន់តែរឹងមាំរបស់លោក គីម ជុងអ៊ុន។

គួរបញ្ជាក់ថា ចាប់តាំងពីសមាជឆ្នាំ២០២១មក កូរ៉េខាងជើង បានបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ជាបន្តបន្ទាប់ បើទោះបីជាមានការហាមឃាត់ដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។ កាលពីខែមករា លោក គីម បាននិយាយថា ផែនការសម្រាប់ដំណាក់កាលបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងត្រូវប្រកាសចេញ អំឡុងសមាជបក្សខាងមុខនេះ៕