លោក ត្រាំ អបអរនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ឱកាសទទួលបានជ័យជម្នះក្នុងការបោះឆ្នោត (Video inside)

09-02-2026 09:26

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈបានអបអរសាទរនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នាឱកាសដែលក្រុមចម្រុះ របស់លោកស្រីទទួលបានជ័យជម្នះយ៉ាងសម្បើមនៅក្នុងការបោះឆ្នោតសកលមុនអាណត្តិ ជាមួយការជូនពរឱ្យលោកស្រីទទួលបានជោគជ័យនៅក្នុងការជំរុញរបៀបវារៈអភិរក្សនិយម និងសន្តិភាពតាមអំណាចរបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វាជាកិត្តិយសរបស់ខ្ញុំដើម្បីគាំទ្ររូបអ្នក។ លោកស្រីជាមនុស្សម្នាក់គួរឱ្យគោរពបំផុត និងមានប្រជាប្រិយភាពបំផុត»។ លោកបន្ថែមថាការសម្រេចចិត្តដ៏ក្លាហាន និងដ៏ឈ្លាសវៃរបស់លោកស្រី Takaichi ក្នុងការអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ បានផ្ដល់មក វិញនូវជ័យជម្នះយ៉ាងធំធេង។

គួរបញ្ជាក់ថា គណបក្សរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ដោយឈ្នះ អាសនៈភាគច្រើនលើសលុបនៅក្នុងសភាជាន់ទាប ឬរដ្ឋសភានៃប្រទេសជប៉ុន។

តាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី Takaichi បានឈ្នះអាសនៈ៣១៦ ក្នុងចំណោមអាសនៈ រដ្ឋសភា សរុប៤៦៥ ពោលគឺលើស ២៣៣អាសនៈដែលត្រូវការជាចាំបាច់ដើម្បីសំឡេងភាគច្រើន។ ជាមួយឈ្នះអាសនៈ ៣១៦ បូករួមទាំងអាសនៈចំនួន៣៦របស់គណបក្សនុវានុវត្តន៍ជប៉ុន ឬ Ishin ជាដៃគូក្នុងក្រុមចម្រុះរបស់ LDP ពេលនេះគណបក្សរបស់លោកស្រី Takaichi មានសំឡេងភាគច្រើនលើសលុបដល់ទៅ៣៥២អាសនៈ ដែលនេះនឹងផ្ដល់ភាគងាយស្រួលដល់លោកស្រី ក្នុងការអនុម័តច្បាប់ និងជំរុញរបៀបវារៈនយោបាយរបស់លោកស្រី៕