ហុងកុង៖ មហាសេដ្ឋីព័ត៌មាន លោក Jimmy Lai ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ក្នុងសវនាការសន្តិសុខជាតិ (Video inside)
09-02-2026 10:46
(ហុងកុង)៖ មហាសេដ្ឋីព័ត៌មាន និងជាសកម្មជនគាំទ្រប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង លោក Jimmy Lai នៅថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ត្រូវបានតុលាការផ្ដន្ទាទោសដាក់
ពន្ធនាគារសរុប២០ឆ្នាំ នៅក្រោមបទចោទប្រកាន់ពីការគប់គិតជាមួយកម្លាំងបរទេស និងបះបោរ ដែលនេះជាការដាក់ទោសមួយដ៏ធ្ងន់ធ្ងរនៅក្រោមច្បាប់សន្តិសុខជាតិដែលចិនបានដាក់ឱ្យអនុវត្តលើទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Jimmy Lai មានអាយុ៧៨ឆ្នាំ ជាស្ថាបនិសារកាសែត Apple Daily ដែលបច្ចុប្បន្នត្រូវបានបិទទ្វារ បានចំណាយពេលជាង៥ឆ្នាំរួចហើយនៅក្នុងពន្ធនាគារ ហើយរូបលោកត្រូវបាន តុលាការហុងកុងកាត់ទោសឱ្យជាប់ពិរុទ្ធកាលពីខែធ្នូ ឆ្នាំ២០២៥ លើបទចោទគប់គិតជាមួយកងកម្លាំងបរទេស និងបះបោរ។ ដោយសារតែលោកមានវ័យចំណាស់ទៅហើយនោះ ការកាត់ទោស ដាក់ពន្ធនាគារ២០ឆ្នាំ គឺប្រៀបបានដូចជាការដាក់ទោសលោក Jimmy Lai ក្នុងពន្ធនាគារអស់មួយជីវិត។
នៅមុនការប្រកាសសាលក្រមផ្តន្ទាទោស មេដឹកនាំលោកខាងលិចជាច្រើនបានអំពាវនាវឱ្យអាជ្ញាធរក្រុងប៉េកាំងដោះលែងលោក Jimmy Lai។ ចំណែក ក្រុមគ្រួសារសាច់ញាតិរបស់លោក រួមទាំងអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភសកម្មជនប្រជាធិបតេយ្យរូបនេះអាចនឹងស្លាប់ក្នុងពន្ធនាគារ ដោយសាររូបលោកមានបញ្ហាសុខភាព ជាពិសេសជំងឺបេះដូង និងឡើងសម្ពាធឈាម។
គួរបញ្ជាក់ថា លោក Jimmy Lai ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួនជាលើកដំបូងកាលពីខែសីហា ឆ្នាំ២០២០ និងត្រូវបានកាត់ទោសឱ្យជាប់ពិរុទ្ធកាលពីឆ្នាំ២០២៥។ មុនការផ្ដន្ទាទោសនេះ លោក ត្រាំ និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏ធ្លាប់បានលើកឡើងពីសំណុំរឿងរបស់លោក Jimmy Lai ផងដែរក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីការទូតលោកខាងលិចជាច្រើន បានប្រាប់ Reuters ថាការចរចាលើការដោះលែងលោក Lai អាចនឹងចាប់ផ្ដើមធ្វើឡើងក្រោយការផ្តន្ទាទោសរូបលោក ហើយវា ក៏អាស្រ័យដែរថាតើលោក Lai នឹងប្ដឹងឧទ្ធរណ៍ឬក៏អត់៕







