អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌បារាំង លាលែងពីតំណែងប្រធានមជ្ឈមណ្ឌលវប្បធម៌ ក្រោយរងការស៉ើបអង្កេតភាពជាប់ពាក់ព័ន្ធនឹងពិរុទ្ធជន Epstein (Video inside)

09-02-2026 11:10

(ប៉ារីស)៖ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោក Jack Lang បានលាលែងពីតំណែងប្រធានមជ្ឈមណ្ឌលវប្បធម៌ Arab World Institute នៅក្នុងទីក្រុងប៉ារីស ដោយសារតែការចោទប្រកាន់ថាមានទំនាក់ទំនងហិរញ្ញវត្ថុ ជាមួយពិរុទ្ធជនល្មោភកាម Jeffrey Epstein និងដែលបានជំរុញឱ្យមានការស៉ើបអង្កេតពន្ធដារប្រឆាំងរូបលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦។

លោក Lang ត្រូវបានកោះហៅឱ្យចូលបង្ហាញខ្លួន នៅក្រសួងការបរទេសបារាំង ប៉ុន្តែលោកបានដាក់លិខិតលាលែងពីតំណែង។ លោកគឺជាឥស្សរជនលេចធ្លោម្នាក់នៅបារាំង ដែលរងផលប៉ះពាល់ ដោយសារតែការចេញផ្សាយឯកសារស៉ើបអង្កេតរឿងអាស្រូវផ្លូវភេទថ្មីចុងក្រោយរបស់លោក Epstein និងនាំឱ្យមានការជជែកវែកញែក ដោយសារតួនាទីរបស់លោកជារដ្ឋមន្ត្រីវប្បធម៌ អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោក Lang បានដឹកនាំ Arab World Institute តាំងពីឆ្នាំ ២០១៣។

ការិយាល័យ​រដ្ឋអាជ្ញា​ផ្នែក​ហិរញ្ញវត្ថុ ​បាន​ឱ្យដឹង​ថា ខ្លួន​បាន​បើក​ការ​ស៉ើបអង្កេត​លើ​លោក Lang និង​កូនស្រី​ គឺអ្នកនាង Caroline ជុំវិញ​ការ​ចោទប្រកាន់​ថា​បាន​ «លាង​លុយ​កខ្វក់ ​ក្លែងបន្លំ​ពន្ធ​ធ្ងន់ធ្ងរ»។ កាសែតបារាំង Mediapart បានរាយការណ៍កាលពីសប្តាហ៍មុន អំពីទំនាក់ទំនងហិរញ្ញវត្ថុ និងអាជីវកម្ម រវាងគ្រួសារ Lang និងលោក Jeffrey Epstein តាមរយៈក្រុមហ៊ុននៅឯនាយសមុទ្រមួយ មានមូលដ្ឋាននៅកោះ Virgin សហរដ្ឋអាមេរិកក្នុងសមុទ្រ Caribbean។

ឈ្មោះ Jack Lang ត្រូវបានលើកឡើងជាង ៦០០ដង នៅក្នុងឯកសារស៉ើបអង្កេតថ្មីចុងក្រោយ Epstein ដោយបង្ហាញពីការឆ្លើយឆ្លងគ្នាក្នុងឆ្នាំ ២០១២ និង ២០១៩។ កូនស្រីរបស់លោកក៏មាននៅក្នុងឯកសារ ដែលត្រូវបានចេញផ្សាយផងដែរ៕