អារ៉ាប៊ីសាអូឌីត ទិញរថភ្លើងល្បឿនលឿន ២០គ្រឿងបន្ថែមទៀត ពីអេស្ប៉ាញ (Video inside)
09-02-2026 11:48
(ម៉ាឌ្រីដ)៖ តាមការឱ្យដឹងពីក្រុមហ៊ុន និងក្រសួងដឹកជញ្ជូននៃប្រទេសអេស្ប៉ាញ នាថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៦ អារ៉ាប៊ីសាអូឌីត បានបញ្ជាទិញរថភ្លើងល្បឿនលឿនថ្មីប្រភេទ Talgo SA ចំនួន ២០គ្រឿងរបស់ក្រុមហ៊ុនអេស្ប៉ាញ Talgo។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ លោក Oscar Puente បានសាទរចំពោះការបញ្ជាទិញថ្មីនេះ ដោយគូសបញ្ជាក់ថា «យើងសូមធានានិរន្តរភាពនៃក្រុមហ៊ុនផ្លូវដែករដ្ឋ Renfe ក្នុងនាមជាអ្នកចាត់ចែងផ្លូវដែកល្បឿនលឿនឱ្យអារ៉ាប៊ីសាអូឌីត រហូតដល់ឆ្នាំ ២០៣៨ និងការទិញរថភ្លើងថ្មីចំនួន ២០គ្រឿងពី TalgoGroup»។
ប្រព័ន្ធផ្លូវដែកអារ៉ាប៊ីសាអូឌីត ប្រើប្រាស់រថភ្លើងរបស់ក្រុមហ៊ុនអេស្ប៉ាញ តាំងពីឆ្នាំ ២០១៨មកម្ល៉េះ។ Talgo ប្រកាសថាកុងត្រាថ្មីនេះ នឹងបន្ថែមទឹកប្រាក់ ១.៥៧ពាន់លានដុល្លារទៅក្នុងបញ្ជីនៃការបញ្ជាទិញ ដែលនាំឱ្យចំនួនសរុបកើនដល់ជាង ៧ពាន់លានដុល្លារ។ វាក៏គ្របដណ្តប់លើការថែទាំរថភ្លើងផងដែរ៕






