អ្នកនយោបាយប្រឆាំងនៅវ៉េណេស៊ុយអេឡា ត្រូវក្រុមខ្មាន់កាំភ្លើងចាប់ពង្រត់ ក្រោយការដោះលែងពីពន្ធនាគារត្រឹមតែប៉ុន្មានម៉ោង (Video inside)

09-02-2026 13:12

(ការ៉ាកាស)៖ មេដឹកនាំក្រុមប្រឆាំងនៅប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ បានឱ្យដឹងថា អ្នកនយោបាយដែលជាសម្ព័ន្ធមិត្តរបស់លោកស្រី គឺលោក Juan Pablo Guanipa ត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងមួយក្រុម បន្ទាប់ពី​រូបលោកទើបតែត្រូវបានដោះលែងចេញពីពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី Machado បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ប៉ុន្មាននាទីមុននេះ លោក Juan Pablo Guanipa ត្រូវបានចាប់ពង្រត់នៅសង្កាត់ Los Chorros នៃទីក្រុងការ៉ាកាស។ បុរសមួយក្រុមប្រដាប់ដោយអាវុធពេញដៃ និងស្ថិតក្នុងសម្លៀកបំពាក់ស៉ីវិល បានជិះយានយន្ត៤គ្រឿង ហើយចាប់ពង្រត់លោក Guanipa យកទៅ។ យើងទាមទារឱ្យមានការដោះលែងរូបលោកវិញជាបន្ទាន់»

គួរបញ្ជាក់ថា លោក Guanipa ដែលមានអាយុ៦១ឆ្នាំ គឺជាអតីតអនុប្រធានសភានៃប្រទេសអាមេរិកឡាទីនមួយនេះ ហើយត្រូវបាន​ដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃអាទិត្យ ពោលគឺរយៈពេល១ខែ បន្ទាប់ពីអាជ្ញាធរបានចាប់ផ្តើមដោះលែងអ្នកទោសនយោបាយ ក្រោយយោធាអាមេរិក​បានចាប់ខ្លួន ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro៕