អ៊ុយក្រែនទទូចឱ្យពន្លឿនកិច្ចចរចាស្វែងរកសន្តិភាព ហើយនិយាយថាមានតែលោក ត្រាំ ម្នាក់គត់ដែលអាចជួយរកកិច្ចព្រមព្រៀងឱ្យបាន (Video inside)
09-02-2026 14:27
(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បាននិយាយថា មេដឹកនាំអ៊ុយក្រែននិងរុស្ស៉ី ត្រូវការជួបគ្នាដោយផ្ទាល់ ដើម្បីនិយាយអំពីបញ្ហាលំបាកៗបំផុត ដែលនៅសល់ក្នុងកិច្ចចរចា ហើយទីក្រុងកៀវបានអះអាងថា មានតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទេ ដែលមានអំណាចដើម្បីជួយនាំមកនូវកិច្ចព្រមព្រៀង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានលើកឡើងថា អ៊ុយក្រែនចង់ពន្លឿនកិច្ចប្រឹងប្រែង ដើម្បីបិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយ៤ឆ្នាំមកនេះ និងក្តាប់យកឱកាសនៃសន្ទុះក្នុងកិច្ចចរចាក្រោមការជ្រោមជ្រែងពីអាមេរិក មុនពេលមានកត្តាផ្សេងទៀតចូលមកពាក់ព័ន្ធ តួយ៉ាងដូចជាយុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក នាខែវិច្ឆិកាចុងឆ្នាំនេះ ជាដើម។
លោក Sybiha បាននិយាយថា ក្នុងផែនការសន្តិភាព២០ចំណុច ដែលបានបម្រើជាមូលដ្ឋាន នៃកិច្ចចរចាត្រីភាគីប៉ុន្មានលើកចុងក្រោយនេះ គឺនៅសល់ត្រឹមបញ្ហាលំបាកៗខ្លាំងមួយចំនួនប៉ុណ្ណោះ ដែលចាំបាច់ត្រូវដោះស្រាយនៅកម្រិតមេដឹកនាំ។ លោកប្រមុខការទូតអ៊ុយក្រែន បានបន្ថែមថា មានតែលោក ដូណាល់ ត្រាំ ម្នាក់គត់ ដែលអាចបញ្ចប់សង្រ្គាមនេះបាន។
គួរបញ្ជាក់ថា ជុំវិញបញ្ហាគន្លឹះដូចជារឿងទឹកដី គឺភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាខ្លាំងដដែល។ មកទល់ពេលនេះ រុស្ស៉ីនៅតែប្រកាន់ខ្ជាប់ការទាមទាររបស់ខ្លួនឱ្យអ៊ុយក្រែន លះបង់ទឹកដីប្រមាណ២០ភាគរយនៅសល់ នៃតំបន់ Donetsk ភាគខាងកើត ដែលខ្លួនមិនទាន់អាចកាន់កាប់បាន ខណៈទីក្រុងកៀវបដិសេធដាច់អហង្ការ។ ទន្ទឹមគ្នានោះ អ៊ុយក្រែន ចង់គ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលធំបំផុតនៅអឺរ៉ុប ខណៈវាស្ថិតក្នុងតំបន់ដែលកំពុងត្រួតត្រាដោយកងកម្លាំងរុស្ស៉ី។ កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន សង្ឃឹមថា សង្រ្គាមអាចនឹងចប់នៅមុនរដូវក្តៅឆ្នាំនេះ៕






