អាជ្ញាធរខេត្តនៅកូរ៉េខាងត្បូងចេញមុខសុំទោស ក្រោយអភិបាលម្នាក់លើកយោបល់ឱ្យនាំចូលនារីក្មេងៗពីក្រៅប្រទេស ដើម្បីជំរុញអត្រាកំណើត (Video inside)

09-02-2026 14:58

(សេអ៊ូល)៖ អាជ្ញាធរខេត្តនៅប្រទេសកូរ៉េខាងត្បូង បានចេញមុខសុំអភ័យទោស បន្ទាប់ពីអភិបាលម្នាក់ បានលើកឡើងយោបល់ឱ្យ នាំចូលស្រ្តីក្មេងៗពីក្រៅប្រទេស ដើម្បីជំរុញអត្រាកំណើតដែលទាបខ្លាំង នៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

កាលពីសប្តាហ៍កន្លងទៅ អភិបាលស្រុក Jindo លោក Kim Hee-soo បាននិយាយថា ភូមិស្រុកនៅតាមទីជនបទ អាចដោះស្រាយបញ្ហារួមថយចំនួនប្រជាជន តាមរយៈការផ្គូរផ្គងបុរសៗដែលនៅលីវ ជាមួយនារីៗដែលមកពីប្រទេសដទៃ ដូចជាវៀតណាម ឬស្រីលង្កាជាដើម។ អំឡុងកិច្ចប្រជុំមួយ លោក Kim បានលើកឡើងយ៉ាងដូច្នេះថា «យើងគួរនាំចូលស្រ្តីក្មេងៗពីវៀតណាមឬស្រីលង្កា ដើម្បីឱ្យបុរសៗនៅលីវតាមតំបន់ជនបទ អាចរៀបការជាមួយពួកគេ»

ការអត្ថាធិប្បាយដូចខាងលើ ត្រូវបានថ្កោលទោសដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហើយបង្កឱ្យមានការរិះគន់ផ្នែកការទូត ពីសំណាក់​ស្ថានទូតវៀតណាមប្រចាំទីក្រុងសេអ៊ូល។ ជាលទ្ធផលរដ្ឋបាលខេត្ត South Jeolla ដែលគ្រប់គ្រងស្រុក Jindo របស់លោក Kim បានព្យាយាមបន្ធូរបន្ថយភាពចម្រូសចម្រាស ដោយចេញមុខសុំទោស ចំពោះពាក្យសម្តីមិនសមរម្យរបស់លោក Kim និងថាវាបាន​បង្កភាពឈឺចាប់ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម និងចំពោះស្រ្តីភេទជារួម។ លោក Kim ផ្ទាល់ ក៏បានសុំទោសផងដែរ ដោយ​ទទួលស្គាល់ថា ពាក្យសម្តីដែលលោកបានប្រើ គឺមិនសមរម្យពិតមែន។

គួរបញ្ជាក់ថា នៅលើពិភពលោក កូរ៉េខាងត្បូងជាប្រទេសដែលមានអត្រាកំណើតដ៏ទាបបំផុតមួយ ហើយបានព្យាយាមចំណាយថវិការាប់ពាន់លានដុល្លារ ទៅក្នុងកិច្ចប្រឹងប្រែង ដើម្បីលើកទឹកចិត្តឱ្យស្រ្តីមានកូនឱ្យបានច្រើន និងរក្សាស្ថិរភាពនៃចំនួនប្រជាជន។ ទោះជាបែបនេះក្តី ការព្យាករមួយចំនួន បានប៉ាន់ប្រមាណថា បើតាមអត្រាបច្ចុប្បន្ន ចំនួនប្រជាជនកូរ៉េខាងត្បូង នឹងត្រូវថយចុះពាក់កណ្តាលមកត្រឹម ២៦.៨លាននាក់ នៅចុងសតវត្សរ៍នេះ៕