ការវាយប្រហាររបស់រុស្ស៉ី ផ្តាច់ជីវិតមនុស្ស ៣នាក់នៅអ៊ុយក្រែន (Video inside)
09-02-2026 15:30
(កៀវ)៖ មន្រ្តីក្នុងតំបន់ និងរដ្ឋអាជ្ញានិយាយថា ការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី បានសម្លាប់មនុស្សចំនួន ៣នាក់ នៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២៦។
ការិយាល័យរដ្ឋអាជ្ញាតំបន់ បានឱ្យដឹងថា ម្តាយ និងកូនប្រុសអាយុ ១០ឆ្នាំ បានស្លាប់នៅប្លុកលំនៅឋាន ទីក្រុង Bohodukhiv តំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែន ខណៈដែលមានមនុស្ស ៦នាក់របួស។
អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយថា ការវាយប្រហារដោយដ្រូនរុស្ស៉ីក្នុងទ្រង់ទ្រាយធំ លើទីក្រុងកំពង់ផែភាគខាងត្បូង បានសម្លាប់មនុស្សម្នាក់ របួសពីរនាក់ ហើយហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋាន និងបំពង់បង្ហូរឧស្ម័ន ក៏ត្រូវរងការខូចខាតផងដែរ។
អភិបាលតំបន់ Dnipropetrovsk លោក Oleksandr Hanzha បានឱ្យថា មនុស្សចំនួន ៩នាក់ បានរងរបួសក្នុងការវាយប្រហារដោយដ្រូន នៅភាគអាគ្នេយ៍ និងបង្កឱ្យឆាបឆេះអគារកម្ពស់ ៣ជាន់មួយកន្លែង។
គួរបញ្ជាក់ថា ភាគខាតត្បូង និងភាគខាងកើតអ៊ុយក្រែន គឺជាគោលដៅវាយប្រហារជាញឹកញាប់ នៅក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៉ីជិត ៤ឆ្នាំមកនេះ៕





