អ៉ីស្រាអែល ពង្រីកការគ្រប់គ្រងក្នុងតំបន់ West Bank ដោយការអនុញ្ញាតឱ្យអ្នកតាំងលំនៅ អាចទិញដីធ្វើជាកម្មសិទ្ធិ (Video inside)
09-02-2026 16:07
(West Bank)៖ គណៈរដ្ឋមន្រ្តីសន្តិសុខអ៉ីស្រាអែល បានអនុម័តជំហានថ្មីមួយ ដើម្បីសម្រួលដល់ការតាំងលំនៅថ្មីក្នុងតំបន់ West Bank តាមរយៈការអនុញ្ញាតឱ្យទិញដី ខណៈផ្តល់អំណាចអនុវត្តច្បាប់បន្ថែម ដល់អាជ្ញាធរអ៉ីស្រាអែល សម្រាប់អនុវត្តលើប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២៦។
ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz គេហទំព័រព័ត៌មានអ៉ីស្រាអែល Ynet និងកាសែត Haaretz រាយការណ៍ថា វិធានការទាំងនេះ រួមមានការលុបចោល បទប្បញ្ញត្តិអាយុកាលរាប់ទសវត្សរ៍ ដែលរារាំងពលរដ្ឋឯកជនជ្វីហ្វ ពីការទិញដីក្នុងតំបន់ West Bank។
តាមសេចក្តីរាយការណ៍ដដែល មានការអនុញ្ញាតឱ្យអាជ្ញាធរអ៉ីស្រាអែល គ្រប់គ្រងទីតាំងសាសនាមួយចំនួន ពង្រីកការត្រួតពិនិត្យ និងការអនុវត្តក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន ទាក់ទងនឹងបញ្ហាគ្រោះថ្នាក់បរិស្ថាន បទល្មើសជុំវិញការប្រើប្រាស់ទឹក ធ្វើឱ្យខូចខាតដល់ទីតាំងបុរាណវត្ថុ។
គួរបញ្ជាក់ថា West Bank គឺជាតំបន់មួយក្នុងចំណោមតំបន់ផ្សេងទៀត ដែលប្រជាជនប៉ាឡេស្ទីន ស្វែងរកការបង្កើតជារដ្ឋឯករាជ្យមួយ។ ភាគច្រើននៃតំបន់នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៉ីស្រាអែល ខណៈដែលតំបន់មួយចំនួន គ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន ដែលមានការគាំទ្រពីលោកខាងលិច៕







