លោក Lavrov៖ អាមេរិកមិនបានដកទណ្ឌកម្មលើរុស្ស៊ីទេ ទោះបីនិយាយពីការសហការក៏ដោយ (Video inside)
09-02-2026 19:57
(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បានថ្លែងនៅថ្ងៃចន្ទនេះថា ទោះបីជាសហរដ្ឋអាមេរិកបានសម្តែងឆន្ទៈក្នុងការសហការជាមួយរុស្ស៊ីក៏ដោយ ក៏ទីក្រុងវ៉ាស៊ីនតោនមិនបានដកទណ្ឌកម្មណាមួយដែលបានដាក់លើប្រទេសរបស់លោកនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។
លោក ឡាវរ៉ូវ បានកត់សម្គាល់ថា ទោះបីជារដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងជាច្រើនដងអំពីតម្រូវការបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងការវិនិយោគដែលមានផលប្រយោជន៍ទៅវិញទៅមកក៏ដោយ ក៏អាមេរិកមិនបានកែប្រែច្បាប់ណាមួយដែលត្រូវបានអនុម័តដើម្បី «ដាក់ទណ្ឌកម្ម» រុស្ស៊ីឡើយ។
លោកបានលើកឡើងពីឧទាហរណ៍ជាក់ស្តែង ដូចជាការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ី Rosneft និង Lukoil កាលពីចុងឆ្នាំមុន និងការធ្វើ «សង្គ្រាម» ប្រឆាំងនឹងកប៉ាល់ដឹកប្រេងនៅសមុទ្រ ដែលលោកចាត់ទុកថាជាការបំពានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
លោក ឡាវរ៉ូវ បានចោទប្រកាន់ថា កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកគឺដើម្បីគ្រប់គ្រងវិស័យថាមពល និងកម្រិតគូប្រជែង ដោយបង្ខំឱ្យដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីងាកទៅប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) របស់អាមេរិកដែលមានតម្លៃថ្លៃជាង។ ហេតុដូច្នេះ រុស្ស៊ីកំពុងស្វែងរកមធ្យោបាយសុវត្ថិភាពជាងមុនដើម្បីសហការជាមួយក្រុមប្រទេស BRICS៕




