ជនអន្តោប្រវេសន៍ ៥៣នាក់ស្លាប់ ឬបាត់ខ្លួន ក្រោយលិចទូកនៅលីប៊ី

09-02-2026 21:29

(ទ្រីប៉ូលី)៖ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានប្រកាសនៅថ្ងៃចន្ទនេះថា ជនអន្តោប្រវេសន៍ចំនួន ៥៣នាក់ រួមទាំងទារកពីរនាក់ផងដែរ ត្រូវបានគេជឿថាបានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីទូកកៅស៊ូជ័ររបស់ពួកគេបានលិចនៅឯឆ្នេរសមុទ្រលីប៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។

ទូកនេះដែលដឹកមនុស្សសរុប ៥៥នាក់ បានក្រឡាប់កាលពីថ្ងៃសុក្រនៅភាគខាងជើងទីក្រុង Zuwara។ មានតែស្ត្រីជនជាតិនីហ្សេរីយ៉ាពីរនាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរលីប៊ី។ ស្ត្រីម្នាក់បានរាយការណ៍ថាបានបាត់បង់ប្តីរបស់នាងនៅក្នុងហេតុការណ៍នេះ ខណៈម្នាក់ទៀតបានបាត់បង់កូនពីរនាក់។

អ្នករស់រានមានជីវិតបានប្រាប់ថា ទូកបានចាប់ផ្តើមចូលទឹក និងលិចប្រហែល ៦ម៉ោងបន្ទាប់ពីចេញដំណើរពីទីក្រុង Al-Zawiya។

IOM បានព្រមានថា ផ្លូវសមុទ្រមេឌីទែរ៉ាណេកណ្តាលនៅតែជាផ្លូវធ្វើអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក ដោយតួលេខអ្នកស្លាប់នៅឆ្នាំ២០២៦ នេះបានកើនដល់យ៉ាងហោចណាស់ ៤៨៤នាក់ហើយ។ ទីភ្នាក់ងារនេះបានអំពាវនាវឱ្យមានចំណាត់ការអន្តរជាតិដើម្បីការពារជនអន្តោប្រវេសន៍ពីបណ្តាញរត់ពន្ធដែលប្រើប្រាស់ទូកគ្មានសុវត្ថិភាព៕