អ៊ុយក្រែនប្រកាសនាំចេញអាវុធផលិតក្នុងស្រុក ដើម្បីរកចំណូលពីបច្ចេកវិទ្យាសង្គ្រាម (Video inside)
09-02-2026 22:28
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថា អ៊ុយក្រែននឹងបើកចំហការនាំចេញអាវុធដែលផលិតក្នុងស្រុក ដើម្បីទាញយកផលប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យាយោធា និងស្វែងរកមូលនិធិដែលត្រូវការជាចាំបាច់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សង្គ្រាមរយៈពេល ៤ឆ្នាំជាមួយរុស្ស៊ី បានជំរុញឱ្យវិស័យការពារជាតិអ៊ុយក្រែនរីកលូតលាស់យ៉ាងខ្លាំង ដោយបច្ចុប្បន្នមានក្រុមហ៊ុនផលិតអាវុធជាង ១,០០០ ដែលភាគច្រើនជាក្រុមហ៊ុនឯកជន។ ដោយសារផលិតកម្មកើនឡើងលឿនជាងលទ្ធភាពទិញរបស់រដ្ឋាភិបាល ទីក្រុងកៀវបានសម្រេចចិត្តអនុញ្ញាតឱ្យនាំចេញ ដើម្បីជួយក្រុមហ៊ុនទាំងនោះស្វែងរកដើមទុនពង្រីកអាជីវកម្ម។
លោក ហ្សេលេនស្គី បានបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យថា «មជ្ឈមណ្ឌលនាំចេញ» ចំនួន ១០ នឹងត្រូវបើកដំណើរការនៅទូទាំងទ្វីបអឺរ៉ុបក្នុងឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើដ្រូនប្រយុទ្ធ (UAVs)។ លោកបានសង្កត់ធ្ងន់ថា «សព្វថ្ងៃនេះ សន្តិសុខរបស់អឺរ៉ុបត្រូវបានកសាងឡើងលើបច្ចេកវិទ្យា និងដ្រូន...ទាំងអស់នេះនឹងផ្អែកលើបច្ចេកវិទ្យា និងអ្នកជំនាញរបស់អ៊ុយក្រែនយ៉ាងច្រើន»។
គួរកត់សម្គាល់ថា សម្ព័ន្ធមិត្តអឺរ៉ុបបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរៀនសូត្រពីបទពិសោធន៍សង្គ្រាម និងបច្ចេកវិទ្យារបស់អ៊ុយក្រែន ដើម្បីពង្រឹងកងទ័ពរបស់ពួកគេ៕




